បន្ទាយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានប្រកាសតែងតាំង ការផ្លាស់ប្តូរ និងការប្រគល់ភារកិច្ច អភិបាលរងស្រុកចំនួន២រូប រួមមានស្រុកថ្មពួក និងស្រុកស្វាយចេកនិងនាយករដ្ឋបាលសាលាស្រុកស្វាយចេក១រូប ដែលជាដំណើរការប្រក្រតី សម្រាប់ការគ្រប់គ្រងមន្រ្តីរាជការក្នុងការបំពេញ ការងារប្រចាំថ្ងៃ ដោយអនុលោមតាមក្របខ័ណ្ឌច្បាប់ ជាពិសេស ច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនានាជាធរមាន ក្នុងគោលបំណងលើកកម្ពស់ ប្រសិទ្ធភាព និងប្រសិទ្ធផលនៃការគ្រប់គ្រងមន្រ្តីរាជការ បុគ្គលិករបស់រាជរដ្ឋាភិបាល និងរដ្ឋបាលនៅថ្នាក់ក្រោមជាតិ។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្ដម ប្លែក វ៉ារី ប្រធាន ក្រុមប្រឹក្សា ខេត្ត ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ ២០២៦។ ក្នុងឱកាសនេះ ឯកឧត្ដម អ៊ុំ រាត្រី ក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះរដ្ឋបាលក្រុង-ស្រុក រដ្ឋបាលឃុំ-សង្កាត់ ដែលកន្លងមកបានខិតខំប្រឹងប្រែងរួមគ្នាយ៉ាងសកម្មក្នុងការបំពេញតួនាទី-ភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ កែលំអសេវារដ្ឋបាលសាធារណៈឱ្យកាន់តែមានភាពល្អប្រសើរជាងមុន ជាពិសេសបន្តយកចិត្តទុកដាក់អនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ដោយរួមគ្នាសម្រេចបាននូវសមិទ្ធផលដែលធានាថែរក្សាសន្តិភាព ស្ថិរភាព នយោបាយ សន្តិសុខ-សណ្តាប់ធ្នាប់សាធារណៈ លើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងជំរុញកិច្ចអភិវឌ្ឍសេដ្ឋកិច្ច-សង្គមក្នុងខេត្ត ឱ្យមានការរីកចម្រើនជាបន្តបន្ទាប់ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
សូមបញ្ជាក់ថា លោកស្រី គិត សឺឌី ឋានន្តរសក្តិនាយក្រមការ ថ្នាក់លេខ៦ ត្រូវបានតែងតាំងជាអភិបាលរង នៃគណៈអភិបាលស្រុកស្វាយចេក និងលោក ហួ សំបឿ ឋានន្តរសក្តិលេខាធិការរដ្ឋបាល ថ្នាក់លេខ២ ត្រូវបានប្រគល់ភារកិច្ចឱ្យកាន់មុខតំណែងជានាយករដ្ឋបាលសាលាស្រុកស្វាយចេក។ ដោយឡែកលោក ភិន ឈួង ឋានន្តរសក្តិនាយក្រមការ ថ្នាក់លេខ២ ត្រូវបានផ្ទេរភារកិច្ចពីអភិបាលរង នៃគណៈអភិបាលស្រុកស្វាយចេក ឱ្យបន្តកាន់មុខតំណែងជា អភិបាលរង នៃគណៈអភិបាលស្រុកថ្មពួក ជំនួសលោក ប៊ុន លាងផេង ដែលត្រូវផ្ទេរភារកិច្ចពីអភិបាលរង នៃគណៈអភិបាលស្រុកថ្មពួក ឱ្យទៅបម្រើការងារនៅរដ្ឋបាលខេត្តបន្ទាយមានជ័យ៕
ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ





No comments:
Post a Comment