ពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦នេះ បានអញ្ជើញចុះផ្ទាល់ ដើម្បីត្រួតពិនិត្យវឌ្ឍនភាព ការចាក់ដីបំពេញទីធ្លា និងការស្ថាបនារបងព័ទ្ធជុំវិញ សម្រាប់គម្រោងផ្លាស់ប្តូរទីតាំងថ្មី នៃសាលាបឋមសិក្សា និងអនុវិទ្យាល័យ ហ៊ុន សែន បាកាន ទំហំជិត៦ហិកតា ស្ថិតក្នុងភូមិអូររំចេក ឃុំត្រពាំងជង ស្រុកបាកាន។
ឯកឧត្តម ខូយ រីដា អភិបាលខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីខិតខំប្រឹងប្រែងរបស់ក្រុមការងារ អាជ្ញាធរមូលដ្ឋាន ព្រះសង្ឃ និងប្រជាពលរដ្ឋទាំងអស់ ដែលបានរួមគ្នាអភិវឌ្ឍន៍មូលដ្ឋាន។ ឯកឧត្តមបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិត របស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺតែងតែយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍវិស័យអប់រំ សុខុមាលភាពប្រជាពលរដ្ឋ និងការលើកកម្ពស់ជីវភាពរស់នៅ ដើម្បីជំរុញការអភិវឌ្ឍសង្គមជាតិឱ្យមានការរីកចម្រើនប្រកបដោយនិរន្តរភាព។
ឯកឧត្តមបានបង្ហាញការគាំទ្រ ចំពោះទីតាំងថ្មីដ៏មានសក្តានុពលនេះ គឺត្រូវបានរៀបចំឡើងប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ក្នុងគោលបំណងផ្តល់ជូននូវបរិស្ថានសិក្សាដ៏ទំនើបទៅថ្ងៃអនាគត មានសុវត្ថិភាព មានវិសាលភាពធំទូលាយ និងមានបរិស្ថានបៃតងស្រស់ស្អាត សម្រាប់ទ្រទ្រង់ដល់ការសិក្សារបស់កូនចៅប្រជាពលរដ្ឋមូលដ្ឋាន ក្នុងរយៈពេលពី២០ ទៅ៣០ឆ្នាំខាងមុខ។
ប្រភព៖ រដ្ឋបាលខេត្តពោធិ៍សាត់





No comments:
Post a Comment