អភិបាលខេត្តតាកែវ ណែនាំអាជ្ញាធររៀបចំកែលម្អសោភ័ណភាព ដើម្បីត្រៀមរៀបចំពិធីបុណ្យភ្ជុំបិណ្ឌ និងបុណ្យអុំទូក - BNP

Breaking

Wednesday, September 16, 2026

អភិបាលខេត្តតាកែវ ណែនាំអាជ្ញាធររៀបចំកែលម្អសោភ័ណភាព ដើម្បីត្រៀមរៀបចំពិធីបុណ្យភ្ជុំបិណ្ឌ និងបុណ្យអុំទូក

តាកែវ ៖ ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងបង្កើនសោភ័ណភាពក្នុងខេត្ត នាថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២៦ រដ្ឋបាលខេត្តតាកែវ បានរៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ។


ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក-លោកស្រី អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត ព្រមទាំងអាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅ នៅសាលប្រជុំធំច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្តតាកែវ។


ក្នុងឱកាសបើកកិច្ចប្រជុំ ឯកឧត្តម វ៉ី សំណាង បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកងកម្លាំងសមត្ថកិច្ច និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងបម្រើសេវា សាធារណៈ និងថែរក្សាសន្តិសុខជូនប្រជាពលរដ្ឋនាពេលកន្លងមក។


ជាមួយគ្នានេះដែរ ដោយសារពិធីបុណ្យភ្ជុំបិណ្ឌ និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ខិតជិតចូលមកដល់នាពេលខាងមុខ ឯកឧត្តម អភិបាលខេត្ត បានដាក់ចេញនូវអនុសាសន៍ និងបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវអនុវត្តនូវការងារអាទិភាពសំខាន់ៗមួយចំនួន ដូចជា អាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ចត្រូវរៀបចំផែនការការពារសន្តិសុខឱ្យបានតឹងរ៉ឹងបំផុត នៅតាមទីសាធារណៈ ដងផ្លូវជាតិ សួនច្បារ និងជាពិសេសនៅតាមទីវត្តអារាមនានាទូទាំងខេត្ត ដែលជាទីតាំងប្រមូលផ្តុំប្រជាពលរដ្ឋធ្វើបុណ្យទាន ។


លើសពីនេះ ត្រូវចាត់កម្លាំងសម្រួលចរាចរណ៍នៅតាមចំណុចប្រទាក់ក្រឡា និងផ្លូវសំខាន់ៗ ដើម្បីជៀសវាងការកកស្ទះ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ធានាឱ្យបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ធ្វើដំណើរដោយ សុវត្ថិភាព និងរីករាយ ។


ឯកឧត្តម អភិបាលខេត្ត បានណែនាំឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ រៀបចំកែលម្អសោភ័ណភាព នៅតាមទីប្រជុំជន សួនច្បារសាធារណៈ ការដាំដើមឈើ និងផ្កាលម្អ ព្រមទាំងការបំពាក់ និងជួសជុលអំពូល ភ្លើងបំភ្លឺសាធារណៈឱ្យបានភ្លឺច្បាស់ និងមានភាពស្រស់ស្អាតនាពេលរាត្រី។ ជាមួយគ្នានេះ ការងារអនាម័យ បរិស្ថាន និងការប្រមូលសំរាម ក៏ត្រូវតែយកចិត្តទុកដាក់ខ្ពស់ ដើម្បីលើកកម្ពស់មុខមាត់ខេត្តតាកែវ ឱ្យកាន់តែមានភាពទាក់ទាញ និងមានបរិស្ថានស្អាត ។


ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត  បានជំរុញឱ្យអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ បន្តសហការគ្នាយ៉ាងជិតស្និទ្ធ តាមដានសភាពការណ៍ និងត្រៀមលក្ខណៈឆ្លើយតបបានទាន់ពេលវេលាចំពោះបាតុភាពផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ ដើម្បីធានាថា ពិធីបុណ្យប្រពៃណីជាតិទាំងពីរនេះ ប្រព្រឹត្តទៅដោយរលូន ស្របតាមប្រពៃណីទំនៀមទម្លាប់ជាតិ និងកាយវិការរាក់ទាក់បំផុតចំពោះបងប្អូនប្រជាពលរដ្ឋ៕


ប្រភព ៖ រដ្ឋបាលខេត្តតាកែវ





 

No comments:

Post a Comment

Pages