ត្បូងឃ្មុំ ៖ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានគូសបញ្ជាក់ពីសារៈសំខាន់នៃសន្តិភាព និងស្ថិរភាព ដែលជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍវិស័យអប់រំ និងការកសាងធនធានមនុស្ស។
ការលើកឡើងរបស់ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ នាឱកាសអញ្ជើញជាអធិបតី រួមជាមួយ ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត ក្នុងពិធីសំណេះសំណាល និងនាំយកអំណោយដ៏ថ្លៃថ្លា របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត ជូនដល់សិស្សានុសិស្សជ័យលាភី និទ្ទេស “A B C D E” ទូទាំងស្រុកមេមត់ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦។
ពិធីនេះធ្វើឡើងនៅទីស្នាក់ការទល់មុខអធិការដ្ឋាននគរបាលស្រុកមេមត់ ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានសភាពាណិជ្ជកម្មខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រធានពន្ធនាគារខេត្ត ថ្នាក់ដឹកនាំមន្ទីរ-អង្គភាព អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ មាតាបិតា អ្នកអាណាព្យាបាល និងសិស្សានុសិស្ស សរុបជិត ១,០០០នាក់ ។
លោក ស្រេង លី អភិបាល នៃគណៈអភិបាលស្រុកមេមត់ បានបញ្ជាក់ថា សម្រាប់សម័យប្រឡងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ស្រុកមេមត់មានបេក្ខជនប្រឡងជាប់សរុប ៧៨៩នាក់ ក្នុងនោះស្រី ៥១២នាក់ ស្មើនឹង ៨១,០៩%។ ក្នុងចំណោមនេះ និទ្ទេស A មាន ១១នាក់, B មាន ៣៤នាក់, C មាន ១៤៩នាក់, D មាន ៣០៧នាក់ និង E មាន ២៨៨នាក់ ដែលជាលទ្ធផលមួយបង្ហាញពីការខិតខំប្រឹងប្រែងរបស់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងការគាំទ្រពីមាតាបិតា អ្នកអាណាព្យាបាល។
មានប្រសាសន៍ក្នុងពិធីនេះ ឯកឧត្តម ប៉ែន កុសល្យ បានចូលរួមអបអរសាទរចំពោះសិស្សានុសិស្សដែលទទួលបានជោគជ័យ និងបានកោតសរសើរចំពោះការខិតខំប្រឹងប្រែងសិក្សារៀនសូត្ររបស់ក្មួយៗ។ ឯកឧត្តម បាននាំនូវប្រសាសន៍សាកសួរសុខទុក្ខ និងអបអរសាទរពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត ជូនចំពោះសិស្សានុសិស្សដែលប្រឡងជាប់ទាំងអស់ ព្រមទាំងថ្លែងអំណរគុណចំពោះលោកគ្រូ អ្នកគ្រូ មាតាបិតា អ្នកអាណាព្យាបាល និងគ្រប់ភាគីពាក់ព័ន្ធ ដែលបានរួមចំណែកក្នុងការលើកកម្ពស់ការសិក្សារបស់សិស្សានុសិស្ស។
ឯកឧត្តម អភិបាលខេត្ត បានលើកឡើងថា លទ្ធផលប្រឡងឆ្នាំនេះ គឺបានបង្ហាញពីវឌ្ឍនភាពជាបន្តបន្ទាប់ក្នុងវិស័យអប់រំ នៅខេត្តត្បូងឃ្មុំ និងជាមោទនភាពរួមរបស់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ទាំងមូល។ ទន្ទឹមនឹងនេះ ឯកឧត្តម បានគូសបញ្ជាក់ពីសារៈសំខាន់នៃសន្តិភាព និងស្ថិរភាព ដែលជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍវិស័យអប់រំ និងការកសាងធនធានមនុស្ស ខណៈបទពិសោធន៍របស់កម្ពុជាបានបង្ហាញថា សង្គ្រាម និងវិបត្តិបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សាលារៀន និងឱកាសសិក្សារបស់កុមារ និងយុវជន។
ឯកឧត្តម បានបន្តថា ការរក្សាបាននូវសន្តិភាព និងស្ថិរភាព បានបង្កើតបរិយាកាសអំណោយផល សម្រាប់ការស្តារ និងអភិវឌ្ឍប្រព័ន្ធអប់រំ ព្រមទាំងផ្តល់ឱកាសដល់កុមារ និងយុវជនក្នុងការសិក្សា និងអភិវឌ្ឍសមត្ថភាព។ ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ រាជរដ្ឋាភិបាលបានកំណត់ «មនុស្ស» ជាអាទិភាពសំខាន់មួយក្នុងចំណោមអាទិភាពគន្លឹះទាំង៥ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» លើការអភិវឌ្ឍមូលធនមនុស្ស លើកកម្ពស់គុណភាពអប់រំ និងជំនាញ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងទីផ្សារការងារ។ សម្រាប់ខេត្តត្បូងឃ្មុំ ការពង្រីកឱកាសសិក្សា និងការមានគ្រឹះស្ថានឧត្តមសិក្សានៅក្នុងខេត្ត ក៏បានជួយឱ្យយុវជនអាចបន្តការសិក្សា និងអភិវឌ្ឍជំនាញនៅក្នុងមូលដ្ឋាន។
ជាមួយគ្នានេះ ឯកឧត្តម ប៉ែន កុសល្យ បានផ្តាំផ្ញើដល់សិស្សានុសិស្សដែលប្រឡងជាប់ទាំងអស់ ឱ្យបន្តខិតខំសិក្សារៀនសូត្រ ពង្រឹងចំណេះដឹង ជំនាញ ភាសាបរទេស បច្ចេកវិទ្យា និងសីលធម៌ ដើម្បីត្រៀមខ្លួនក្លាយជាធនធានមនុស្សប្រកបដោយសមត្ថភាព និងគុណធម៌។
ចំពោះសិស្សដែលមិនទាន់ទទួលបានលទ្ធផលតាមការរំពឹងទុក ឯកឧត្តមបានលើកទឹកចិត្តឱ្យកុំបាក់ទឹកចិត្ត តែត្រូវយកលទ្ធផលនេះជាបទពិសោធន៍ និងបន្តសិក្សា ឬស្វែងរកឱកាសបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈតាមលទ្ធភាពរបស់ខ្លួន ព្រោះសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ គឺជាចំណុចចាប់ផ្តើមនៃដំណើរថ្មី មិនមែនជាចំណុចបញ្ចប់នៃការរៀនសូត្រឡើយ៕
ប្រភព ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ





No comments:
Post a Comment