កំពត៖ ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត បានលើកឡើងថា ការកំណត់ព្រំប្រទល់រដ្ឋបាលឃុំ-សង្កាត់ នៅមូលដ្ឋានខេត្តកំពត នឹងជំរុញឱ្យការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋបានល្អប្រសើរជាងមុនបន្ថែមទៀត។
ការលើកឡើងរបស់ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត នាឱកាសអញ្ជើញជាអធិបតីរួមជាមួយ ឯកឧត្តម វុឌ្ឍី វណ្ណា អគ្គនាយក នៃអគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្ត្រ និងលោក សាន ចំរើន អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ក្នុងពិធីចុះហត្ថលេខាលើផែនទីព្រំប្រទល់ឃុំ-សង្កាត់ ក្នុងភូមិសាស្ត្រខេត្តកំពត នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានការចូលរួមពី លោក លោកស្រី អភិបាលក្រុង-ស្រុកទាំង៩ លោក លោកស្រី មេឃុំ-ចៅសង្កាត់ ទាំង៩៣ឃុំ-សង្កាត់ ពិធីនេះធ្វើឡើងនៅសាលសនិ្នសីទ បូកគោ សាលាខេត្តកំពត។
ក្នុងឱកាសនោះដែរ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានបញ្ជាក់ថា ការងារកំណត់ព្រំប្រទល់រដ្ឋបាលឃុំ-សង្កាត់ ក្នុងខេត្តកំពត មកដល់ពេលនេះយើងបានធ្វើផែនទីព្រំប្រទល់រដ្ឋបាលឃុំ-សង្កាត់បានចំនួន ៨៣ និងមិនទាន់បានធ្វើចំនួន ១០ ក្នុងចំណោមឃុំ-សង្កាត់ទាំង៩៣។
ឯកឧត្តម អភិបាលខេត្ត បានបន្តថា ការកំណត់ព្រំប្រទល់រដ្ឋបាលក្រុង-ស្រុក គឺពិតជាមានសារៈសំខាន់ណាស់ ដើម្បីឱ្យអាជ្ញាធរឃុំ-សង្កាត់ដែលមានព្រំប្រទល់ជាប់គ្នា អស់មន្ទិលសង្ស័យក្នុងការគ្រប់គ្រងប្រជាពលរដ្ឋ ដីធ្លី និងការអភិវឌ្ឍក្នុងមូលដ្ឋានរៀងៗខ្លួន។ ទន្ទឹមនឹងនោះ ការកំណត់ព្រំប្រទល់រដ្ឋបាលនេះដែរ ក៏និងជំរុញឱ្យការផ្តល់សេវាសាធារណៈជូនពលរដ្ឋបានល្អប្រសើរជាងមុនបន្ថែមទៀត ពិសេសការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈជូនពលរដ្ឋ ការចុះឈ្មោះបោះឆ្នោត រួមនឹងផ្តល់ភាពងាយស្រួលក្នុងការលើកគម្រោងអភិវឌ្ឍននានាក្នុងឃុំ-សង្កាត់ ផងដែរ។
ក្នុងពិធីនេះ លោក សាន ចំរើន អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានឱ្យដឹងថា កន្លងមក ក្រសួងមហាផ្ទៃ បានចេញនូវសេចក្តីជូនដំណឹង ក៏ដូចជាសេចក្តីណែនាំជាច្រើន ដើម្បីជំរុញឱ្យរដ្ឋបាលរាជធានី-ខេត្តទាំងអស់ ត្រូវពន្លឿនក្នុងការរៀបចំកំណត់ព្រំប្រទល់រដ្ឋបាលឃុំ-សង្កាត់ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យបានត្រឹមត្រូវ និងច្បាស់លាស់បំផុត។
ការជំរុញនេះ ក្នុងន័យដើម្បីផ្តល់ភាពងាយស្រួលក្នុងការងារគ្រប់គ្រងដែនដីរដ្ឋបាលក្រុង-ស្រុក ពិសេសជំរុញដល់ការផ្តល់សេវាសាធារណៈ ការចុះឈ្មោះបោះឆ្នោត ការរក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនពលរដ្ឋតាមមូលដ្ឋានឱ្យបានល្អប្រសើរ និងការលើកផែនការអភិវឌ្ឍឃុំ-សង្កាត់ជាដើម៕
ប្រភព៖ រដ្ឋបាលខេត្តកំពត





No comments:
Post a Comment