បាត់ដំបង៖ នៅរសៀលថ្ងៃចន្ទ ទី២១ ខែកញ្ញា ឆ្នាំ២០២៦ សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានរៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋទីទ័លក្រចំនួន ៥០គ្រួសារ ក្រោមអធិបតីភាព ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង។
ពិធីនេះត្រូវបានរៀបចំឡើងដើម្បីប្រគល់ផ្ទះថ្មី ១ខ្នង ជូនគ្រួសារលោកស្រី នាក់ ភន និងផ្ទះមនុស្សធម៌១ខ្នងទៀត ប្រគល់ជូនគ្រួសារលោកស្រី នាក់ សម្ផស្ស។ គ្រួសារទាំងពីរជាស្ត្រីមេម៉ាយ មានបន្ទុកគ្រួសារច្រើន មានជីវភាពទីទ័លក្រ និងជាជនរងគ្រោះដែលបានបាត់បង់ជម្រកដោយសារគ្រោះអគ្គិភ័យកាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ កន្លងទៅ ស្ថិតនៅភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ការផ្តល់ជូនផ្ទះថ្មីនាពេលនេះ គឺជាការឆ្លើយតបយ៉ាងទាន់ពេលវេលា ដើម្បីជួយសម្រាលទុក្ខលំបាក និងផ្តល់ជម្រកដ៏កក់ក្តៅ សុវត្ថិភាពឡើងវិញជូនពួកគាត់។
ក្នុងឱកាសនោះដែរ ឯកឧត្តម សុខ លូ ព្រមទាំងប្រតិភូអមដំណើរ ក៏បានអញ្ជើញសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជាគ្រឿងឧបភោគបរិភោគជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពទីទ័លក្រ និងងាយរងគ្រោះចំនួន ៥០គ្រួសារ ដើម្បីជួយសម្រាល បន្ទុកជីវភាពរស់នៅប្រចាំថ្ងៃផងដែរ។
ថ្លែងនៅក្នុងពិធីនោះ ឯកឧត្តម សុខ លូ បានពាំនាំនូវប្រសាសន៍សួរសុខទុក្ខ និងក្តីនឹករលឹកយ៉ាងជ្រាលជ្រៅពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ច កាលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូន ប្រជាពលរដ្ឋនៅគ្រប់ទិសទី។
ជាមួយគ្នានេះដែរ ឯកឧត្តម សុខ លូ ក៏បានផ្តាំផ្ញើដល់គ្រួសារទទួលផលទាំងអស់ សូមថែរក្សាមរតកដ៏មានតម្លៃដែលពុំអាចកាត់ថ្លៃបានទាំងនេះ ឱ្យបានគង់វង្សឋិតឋេរយូរ អង្វែងសម្រាប់ កូនចៅតទៅមុខទៀត។ ទន្ទឹមនឹងនេះ ឯកឧត្តមប្រធាន ក៏បានក្រើនរំលឹកពីការគិតគូរចំពោះសុខភាព ការរក្សាអនាម័យ និងការសម្អាតបរិស្ថាន ចូលរួមគោរពច្បាប់ចរាចរណ៍ និងចៀសឆ្ងាយពីគ្រឿងញៀនផងដែរ។
ជាកិច្ចឆ្លើយតប គ្រួសារទទួលបានផ្ទះថ្មីទាំងពីរ និងប្រជាពលរដ្ឋទាំងអស់ បានសម្តែងនូវ ក្តីរំភើបរីករាយ ជាអនេក និងបានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះកាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន និង ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខា ព្រមទាំងអាជ្ញាធរខេត្តបាត់ដំបង ដែលបានគិតគូរ និងជួយសង្គ្រោះពួកគាត់នៅក្នុងគ្រាលំបាកបំផុតនេះ ជាពិសេសទទួលបានផ្ទះថ្មីស្រឡាងដែលមិននឹកស្មានដល់ថានឹងមានជម្រកយ៉ាងសមរម្យស្រស់ស្អាតបែបនេះទេ។
ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង





No comments:
Post a Comment