ខេត្តពោធិ៍សាត់ ៖ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានអមដំណើរ ឯកឧត្តម បណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ចុះពិនិត្យការអនុវត្តទោសរបស់ទណ្ឌិតជាក្មេងទំនើង និងហេដ្ឋារចនាសម្ព័ន្ធ នៅមណ្ឌលអប់រំកែប្រែទី៤។
ក្នុងឱកាសនោះ គណៈប្រតិភូបានចុះពិនិត្យប្រព័ន្ធសន្តិសុខ ហេដ្ឋារចនាសម្ព័ន្ធអគារឃុំឃាំង និងកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់ជនជាប់ឃុំ។
សូមបញ្ជាក់ថា ទណ្ឌិតជាក្មេងទំនើងជាង ៦០០នាក់ ត្រូវបានផ្ទេរមកអនុវត្តទោសបន្តនៅមណ្ឌលអប់រំកែប្រែទី៤ ដើម្បីទទួលការបណ្តុះបណ្តាលលើការងារកសិកម្ម និងការងារសំណង់ ចូលរួមផលិតស្បៀងអាហារ និងឧបករណ៍បេតុង សម្រាប់គាំទ្រកងកម្លាំងជួរមុខក្នុងការការពារ និងថែរក្សាខឿនអធិបតេយ្យភាពជាតិ។
ជាលទ្ធផល ទណ្ឌិតជាក្មេងទំនើងបានបង្ហាញការប្រែប្រួលជាវិជ្ជមាន ដោយមានស្មារតីភ្ញាក់រលឹក គោរពវិន័យ ខិតខំកែប្រែខ្លួន និងចូលរួមយ៉ាងសកម្មក្នុងការងារជំនាញដែលបានបណ្តុះបណ្តាល ប្រកបដោយការទទួលខុសត្រូវ និងទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់។ ជាមួយគ្នានេះ ឯកឧត្តម អគ្គនាយក បានណែនាំឱ្យថ្នាក់ដឹកនាំ និងមន្ត្រីបន្តពង្រឹងវិន័យការងារ សីលធម៌វិជ្ជាជីវៈ ការងារសន្តិសុខ សុវត្ថិភាព និងការអភិវឌ្ឍកម្មវិធីអប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈ និងផលិតកម្មកសិកម្ម ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការគ្រប់គ្រង និងការកែប្រែអាកប្បកិរិយាជនជាប់ឃុំ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល៕
ប្រភព៖ អគ្គនាយកដ្ឋានពន្ធនាគារ





No comments:
Post a Comment