ឯកឧត្តម ឃួង ស្រេង ទទួលជួបសម្តែង ការគួរសមជាមួយ ឯកឧត្តម ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញ សមត្ថភាព នៃសាធារណរដ្ឋសិង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា - BNP

Breaking

Thursday, July 30, 2026

ឯកឧត្តម ឃួង ស្រេង ទទួលជួបសម្តែង ការគួរសមជាមួយ ឯកឧត្តម ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញ សមត្ថភាព នៃសាធារណរដ្ឋសិង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៣០ កក្កដាឆ្នាំ២០២៦ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ទទួលជួបសម្តែង ការគួរសមជាមួយ ឯកឧត្តម ស្ទីវិន ផាំង ឈីវី (H.E. Mr. Steven Pang Chee Wee) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញ សមត្ថភាព នៃសាធារណរដ្ឋសិង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅសាលារាជធានីភ្នំពេញ។


ឯកឧត្តម ស្ទីវិន ផាំង ឈីវី (H.E. Mr. Steven Pang Chee Wee) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញ សមត្ថភាព នៃសាធារណរដ្ឋសិង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញទទួលបានការកោតសរសើរថាជាអ្នកដឹកនាំដ៏ខ្លាំងម្នាក់ តាមរយៈការរក្សាសន្តិសុខ ការអភិវឌ្ឍ និងទទួលបានការគោរពស្រលាញ់ពីប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ។


ឯកឧត្តម ស្ទីវិន ផាំង ឈីវី បានមានប្រសាសន៍លើកឡើងថា៖ ខណៈមកដល់រាជធានីភ្នំពេញ ឯកឧត្តមត្រូវបាន អញ្ជើញឱ្យចូលរួមកម្មវិធីធំៗជាច្រើន ហើយនៅក្នុងកម្មវិធីទាំងនោះ ទាំងមន្ត្រីរដ្ឋាភិបាល និងថ្នាក់ដឹកនាំរបស់កម្ពុជា តែងបានកោតសរសើរចំពោះការដឹកនាំរបស់ឯកឧត្តមអភិបាល ថាជាអ្នកដឹកនាំម្នាក់ដ៏ខ្លាំង។ ឯកឧត្តម បន្តថា តាមរយៈសកម្មភាពការងាររបស់ឯកឧត្តមអភិបាលដែលឯកឧត្តមបានឃើញ ពិតជាបានបង្ហាញឱ្យឃើញពីភាព ជាអ្នកដឹកនាំសកម្មពិតមែន ដោយឯកឧត្តម ឃួង ស្រេង បានដាក់ខ្លួន ដាក់កាយចុះផ្ទាល់ជាមួយប្រជាពលរដ្ឋ ដែលជួបការលំបាក ដើម្បីបានដឹងពីជីវភាព និងសុខទុក្ខរបស់ពួកគាត់។


ឯកឧត្តម ស្ទីវិន ផាំង ឈីវី បានបន្តថាយើងនឹងពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរកាន់តែល្អ ប្រសើរមួយកម្រិតថែមទៀត ទាំងវិស័យអប់រំ ការអភិវឌ្ឍសេដ្ឋកិច្ច សុខាភិបាល និងវិស័យទេសចរណ៍ជាដើម។ សម្រាប់ពេលនេះ ជើងហោះហើរ សិង្ហបុរី និងកម្ពុជា ក្នុងមួយថ្ងៃ មាន៤ជើង ដែលបានបង្ហាញឱ្យឃើញថាទំនាក់ទំនង ប្រជាជន និងប្រជាជន មានសកម្មភាពកាន់តែរស់រវើក។

ឯកឧត្តម ស្ទីវិន ផាំង ឈីវី ក៏បានបន្ថែមទៀតថាប្រទេសកម្ពុជា ជាប្រទេសស្អាតចម្រុះពណ៌ ដែលជាចំណុចមួយ ទាក់ទាញទេសចរណ៍យ៉ាងខ្លាំង ខណៈដែលពីមុនគេស្គាល់តែប្រាសាទអង្គវត្តមួយប៉ុណ្ណោះ តែពេលនេះគេបានដឹងថា កម្ពុជាមានតំបន់ទេសចរណ៍ទាក់ទាញជាច្រើន រួមទាំងម្ហូបអាហារសំបូរបែបផងដែរ។ ពាក់ព័ន្ធនិងវិស័យទេសចរណ៍នេះដែរ អ្នកព័ត៌មានរបស់សិង្ហបុរីក៏បានផ្សព្វផ្សាយជាច្រើនអំពីកម្ពុជាដែរ ដោយឡែក ឯកឧត្តមអគ្គរដ្ឋទូតផ្ទាល់ ក៏ធ្លាប់បានផ្សព្វផ្សាយអ្វីដែលល្អពីកម្ពុជា ទៅសិង្ហបុរីផងដែរ ទាំងការរក្សាសន្តិសុខ ទាក់ទាញអ្នកវិនិយោគ និងទេសចរណ៍ជាដើម។


ឯកឧត្តម ស្ទីវិន ផាំង ឈីវី បានលើកឡើងថា៖ ពាណិជ្ជករ និងអ្នកវិនិយោគគិន អ្វីដែលពួកគាត់គិតមុនគេ គឺសុវត្ថិភាព ហើយឯកឧត្តមធ្លាប់បានធានាចំពោះពាណិជ្ជករ និងវិនិយោគគិនទាំងនោះ ថារាជធានីភ្នំពេញ និងប្រទេសកម្ពុជាមានសុខសន្តិភាព សុវត្ថិភាព ព្រោះឯកឧត្តមបានមើលឃើញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងអាជ្ញាធររាជធានីភ្នំពេញ ជាពិសេសក្នុងការងារបង្រ្កាប និងបោសសំអាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS )។ ជាពិសេស ឯកឧត្តមបានមើលឃើញអភិបាលរាជធានីភ្នំពេញមានជំហរយ៉ាងមុតមាំ ក្នុងការបង្ក្រាបបទល្មើសទាំងនេះ។ ចំណុចទាំងអស់នេះហើយ ដែលឯកឧត្តមបានប្រាប់ និងផ្ញើសារទៅពលរដ្ឋសឹង្ហបុរី អំពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋបាលរាជធានីភ្នំពេញសុវត្ថិភាព ពិសេសពាក់ព័ន្ធនឹងការបង្ក្រាប ONLINE SCAMSហ្នឹង ធ្វើយ៉ាងណាឱ្យពួកគាត់ជឿទុកចិត្តបានពេលមកប្រទេសកម្ពុជា។


ជាការឆ្លើយតប ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅក្នុងជំនួបសំដែងការគួសមនោះ បានលើកឡើងពីស្ថានភាពទូទៅរបស់រាជធានីភ្នំពេញ ពិសេសការរីកចម្រើនលើគ្រប់វិស័យ នាប៉ុន្មានឆ្នាំចុងក្រោយនេះ។ 


ឯកឧត្តក ឃួង ស្រេង បានបន្តថា៖ រឿង ONLINE SCAMS ជាបញ្ហាស្មុគស្មាញមិនមែនសំរាប់តែកម្ពុជាទេ តែវាជាបញ្ហារបស់សកលលោកទាំងមូល។ ប៉ុន្តែក្រោមការប្តេជ្ញាចិត្តយ៉ាងមុះមុតរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី គឺកម្ពុជាត្រូវធ្វើដំណើរទៅរកសេដ្ឋកិច្ចពណ៌ស ដូច្នេះហើយរាជធានីភ្នំពេញបានធ្វើកិច្ចការងារនេះយ៉ាងសកម្មភាពធ្វើយ៉ាងណាបង្រ្កាបបទល្មើស ONLINE SCAMS ឱ្យអស់ពីភូមិសាស្រ្តរាជធានីភ្នំពេញ។

ទាក់ទងបញ្ហា ONLINE SCAMS នេះដែរ ឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានជម្រាបជូនថា សឹង្ហបុរីបាននិងកំពុងសហការយ៉ាងសកម្មជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ាន ប្រទេសជប៉ុន កូរ៉េ និងអាហ្រ្វិកខាងត្បូង លើការងារបង្រ្កាបបទល្មើស ONLINE SCAMS នេះដែរ។ សម្រាប់ប្រទេសកម្ពុជា សិង្ហបុរីបានជួយបណ្តុះបណ្តាលមន្រ្តីនគរបាលជំនាញជាច្រើននាក់លើការងារប្រតិបត្តិការនេះ ហើយឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្តចូលរួមសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋបាលរាជធានីភ្នំពេញយ៉ាងពេញទំហឹងលើកិច្ចការនេះផងដែរ។  


ឯកឧត្តក ឃួង ស្រេង បានបន្តថា ព្រះរាជាណាចក្រកម្ពុជាស្ថិតក្នុងចំណោមប្រទេសទី១ ដែលទទួលស្គាល់ឯករាជ្យភាពរបស់សឹង្ហបុរី បន្ទាប់ពីសឹង្ហបុរី បានបំបែកខ្លួនចេញពីសហព័ន្ធម៉ាឡេស៊ីនៅឆ្នាំ១៩៦៥ ហើយសាធារណរដ្ឋសឹង្ហបុរី និងព្រះរាជាណាចក្រកម្ពុជា បានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នានៅថ្ងៃទី១០ ខែសីហា ឆ្នាំ១៩៦៥ តែត្រូវបានកាត់ផ្តាច់ទៅវិញនៅឆ្នាំ១៩៧៥ និងបានភ្ជាប់ទំនាក់ទំនងការទូតឡើងវិញនៅថ្ងៃទី១៨ ខែមករា ឆ្នាំ១៩៩២៕


ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ





 

No comments:

Post a Comment

Pages