តាកែវ ៖ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត បានធ្វើការអំពាវនាវយ៉ាងទទូចដល់ប្អូនៗសិស្សានុសិស្ស និងស្រទាប់យុវជនទាំងអស់ ឱ្យចូលរួមយ៉ាងសកម្មក្នុងការផ្សព្វ ផ្សាយពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀនឱ្យបានទូលំទូលាយ ជាពិសេសត្រូវចៀសឱ្យឆ្ងាយពីសារធាតុញៀនគ្រប់ប្រភេទតែម្តង។
ការអំពាវនាវនេះ បានធ្វើឡើងនៅក្នុងឱកាសដែល ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពិធីដុតបំផ្លាញចោលនូវវត្ថុតាងគ្រឿងញៀន ដែលបានរៀបចំឡើងនៅក្នុងឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ។
នាឱកាសនោះ ឯកឧត្តម វ៉ី សំណាង បានគូសបញ្ជាក់ និងសង្កត់ធ្ងន់ថា គ្រឿងញៀនគឺជាសារធាតុញៀនដ៏គ្រោះថ្នាក់បំផុត ដែលបំផ្លាញស្មារតី សុខភាព រាងកាយ និងអាចឈានទៅដល់ការបាត់បង់អាយុជីវិតទៀតផង។ ក្នុងនាមយុវជន ជាទំពាំងស្នងឫស្សី និងជាសសរទ្រូងនៃប្រទេសជាតិ មិនត្រូវពាក់ព័ន្ធ ឬលង់ខ្លួនក្នុងអន្ទាក់គ្រឿងញៀនជាដាច់ខាត ដាច់ខាតមិនត្រូវចង់ដឹង ចង់សាកល្បងនោះឡើយ។ ផ្ទុយទៅវិញ យុវជនត្រូវរួមគ្នាក្លាយជាកម្លាំងចលករ ក្នុងការផ្សព្វផ្សាយ បង្ការ និងទប់ស្កាត់ ដើម្បីរួមគ្នាកសាងសហគមន៍ គ្រួសារ និងសង្គមជាតិទាំងមូលឱ្យគ្មានគ្រឿងញៀន ។
ទន្ទឹមនឹងនេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំ និងជំរុញឱ្យអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំ ដាប់ថ្នាក់ បង្កើនការចុះត្រួតពិនិត្យជាប្រចាំនៅតាមទីតាំងប្រឈមនានា ព្រមទាំងចុះធ្វើកិច្ចសន្យាជាមួយម្ចាស់អាជីវកម្ម រួមមាន ផ្ទះសំណាក់ ក្លឹបកម្សាន្ត ហាងខារ៉ាអូខេ (KTV) ច្រកទ្វារព្រំដែន និងតំបន់កម្សាន្តផ្សេងៗទៀត ដើម្បីឱ្យពួកគាត់ចូលរួមសហការយ៉ាងជិតស្និទ្ធ ជាមួយសមត្ថកិច្ច ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន ក៏ដូចជាបទល្មើសផ្សេងៗទៀតឱ្យមានប្រសិទ្ធភាពខ្ពស់ ។
វិធានការម៉ឺងម៉ាត់ទាំងនេះ ធ្វើឡើងក្នុងគោលបំណងលុបបំបាត់ និងកាត់បន្ថយឱ្យបានជាអតិបរមានូវរាល់សកម្មភាពលួចលាក់កែច្នៃ ការនាំចូលសារធាតុគីមីផ្សំ ការចរាចរ ការរក្សាទុក ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ នៅតាមមូលដ្ឋានក្នុងខេត្តតាកែវ ដើម្បីធានាសន្តិសុខ សុវត្ថិភាព និងរបៀបរៀបរយជូនប្រជាពលរដ្ឋ ៕
ប្រភព ៖ រដ្ឋបាលខេត្តតាកែវ





No comments:
Post a Comment