បន្ទាយមានជ័យ៖ ដើម្បីទប់ស្កាត់បទល្មើស និងរក្សាសន្តិសុខឱ្យបានដាច់ខាត លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាម៉ឺងម៉ាត់ដល់កងកម្លាំងគ្រប់ផ្នែក គ្រប់ថ្នាក់ ត្រៀមការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមពេញទំហឹង ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៦ ការដាក់ចេញផែនការនេះធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ និងកំណត់ទិសដៅបន្ត កាលពីព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦។
ក្នុងកិច្ចប្រជុំនោះ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានផ្សព្វផ្សាយផែនការការពារសន្តិសុខដល់កងកម្លាំងគ្រប់ផ្នែក គ្រប់ថ្នាក់ ភ្ជាប់នឹងការត្រៀមកម្លាំងសម្រាប់ការបោះឆ្នោតឆ្នាំ២០២៦ និងព្រឹត្តិការណ៍ថ្នាក់ជាតិ។ ជាលទ្ធផល ស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់ និងការការពារព្រំដែនត្រូវបានរក្សាយ៉ាងល្អប្រសើរ ដោយបទល្មើសព្រហ្មទណ្ឌថយចុះ ៧៥% (២/៨) និងរំលោភសេពសន្ថវៈថយចុះ ១០០% (០/២) ខណៈគ្រោះថ្នាក់ចរាចរណ៍កើន ៥៦% (១៤/៩) ធៀបនឹងខែតុលា។
សម្រាប់ទិសដៅការងារខែបន្ទាប់ លោកស្នងការបានជំរុញឱ្យកងកម្លាំងបន្តក្តាប់ព័ត៌មាន បង្ក្រាបគ្រឿងញៀន ក្មេងទំនើង ការជួញដូរមនុស្ស ល្បែងខុសច្បាប់ និងរឹតបន្តឹងច្បាប់ចរាចរណ៍តាមអនុក្រឹត្យលេខ៣៩។ ការងារទាំងអស់នេះត្រូវអនុវត្តតាមផែនការជំនាញ យន្តការប្រចាំបញ្ជា ប្រព័ន្ធទូរសព្ទទាន់ហេតុការណ៍ ការគ្រប់គ្រងស្ថិតិ និងការពង្រឹងវិន័យលេខ ៨៧៣ប្រ.ក ដើម្បីធានាស្ថិរភាព និងសុវត្ថិភាពយូរអង្វែងទូទាំងខេត្ត៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ





No comments:
Post a Comment