អភិបាលខេត្តបន្ទាយមានជ័យ ដាក់បទបញ្ជាក់ដល់គ្រប់ដ្ឋបាលក្រុងស្រុក ត្រៀមកងកម្លាំង ប្រេីប្រាស់គ្រប់មធ្យោបាយ ដេីម្បីចេញអន្តរាគមន៍ ជម្លៀសបងប្អូនពលរដ្ឋ ចេញពីតំបន់ប្រឈមនូវការជន់លិច - BNP

Breaking

Saturday, September 26, 2026

អភិបាលខេត្តបន្ទាយមានជ័យ ដាក់បទបញ្ជាក់ដល់គ្រប់ដ្ឋបាលក្រុងស្រុក ត្រៀមកងកម្លាំង ប្រេីប្រាស់គ្រប់មធ្យោបាយ ដេីម្បីចេញអន្តរាគមន៍ ជម្លៀសបងប្អូនពលរដ្ឋ ចេញពីតំបន់ប្រឈមនូវការជន់លិច

បន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយលោ ក ហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្ត លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ រួមនឹងក្រុមការងារ កងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង អធិការនគរបាលក្រុង បានអញ្ជើញចុះពិនិត្យមើលស្ថានភាពទឹកនៅតាមដងស្ទឹងសិរីសោភ័ណ នៅសង្កាត់ទឹកថ្លា សង្កាត់អូរអំបិល និងសង្កាត់ព្រះពន្លា។


ក្នុងនោះឯកឧត្ដម អ៊ុំ រាត្រី ក៏បានដាក់ចេញនូវបទបញ្ជាក់ដល់អាជ្ញាធរសង្កាត់ទាំង៧ ក្នុងក្រុង សិរីសោភ័ណ ក៏ដូចជាបណ្តាក្រុង-ស្រុកទាំងអស់ទូទាំងខេត្ត ក្នុងករណីជំនន់ទឹកភ្លៀងបន្តកេីនឡេីង ត្រូវរៀបចំកងកម្លាំងប្រេីប្រាស់គ្រប់មធ្យោបាយ ដេីម្បីចេញអន្តរាគមន៍ ជម្លៀសបងប្អូនពលរដ្ឋ ចេញពីតំបន់ប្រឈមនូវការជន់លិច ទៅកាន់ទីទួលសុវត្ថិភាព ដែលបានអាជ្ញាធរបានរៀបចំជូន។ មួយវិញទៀតត្រូវរៀបចំក្រុមគ្រូពេទ្យប្រចាំការ ដើម្បីព្យាបាលជំងឺ ផ្តល់ថ្នាំសង្កូវ ជូនដល់បងប្អូនពលរដ្ឋនៅតាមទីតាំងទួលសុវត្ថិភាព នីមួយៗ។ ត្រូវចាត់កម្លាំងសមត្ថកិច្ច ឬប្រជាកាពារ ការការពារសន្តិសុខ និងសុវត្ថិភាព ជូនបងប្អូនពលរដ្ឋ ក្នុងពេលស្នាក់នៅបណ្តោះអាសន្ននៅគ្រប់ទីតាំង។ 


សូមរំលឹកថា ជំនន់ទឹកភ្លៀង បានធ្វេីឱ្យប៉ះពាល់ខ្លាំងមានក្រុងប៉ោយប៉ែត និងក្រុងសិរីសោភ័ណ ទទួលរងនូការជន់លិចផ្ទះសំបែងរបស់បងប្អូនប្រជាពលរដ្ឋ។ ក្នុងនោះក្រុងប៉ោយប៉ែត ទទួលរងនូវការជន់លិចខ្លាំងជាងគេ ដោយទឹកធ្លាក់មកពីប៉ែកខាងលើនៃប្រទេសថៃ គួបផ្សំជាមួយនឹងជំនន់ទឹកភ្លៀង ធ្វេីឱ្យផ្ទះសំបែងពលរដ្ឋរងការជន់លិច រួមនិងហេដ្ឋរចនាសម្ព័ន្ធមួយចំនួនផងដែរ។ ហេីយអាជ្ញាធរក៏បានធ្វេីការជម្លៀសបងប្អូនពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាពផងដែរ។ មួយវិញទៀត ក្រុងសិរីសោភ័ណ ខណៈទឹកស្ទឹងបន្តកើនឡើង ធ្វើឱ្យផ្ទះសំបែងរបស់ប្រជាពលរដ្ឋដែលរស់នៅតាមមាត់ស្ទឹងប្រឈមជាមួយនឹងការជន់លិច អាជ្ញាធរក៏បានធ្វើការជម្លៀសពួកគាត់ទៅកាន់ទីទួលសុវត្ថិភាពបានមួយចំនួន។ ដោយឡែកស្រុកចំនួនក៏ប្រឈមជាមួយនិងជំនន់ទឹកភ្លៀងផងដែរ។ 


សូមបញ្ជាក់ថា នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ ២០២៦ម្សិលមិញមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបន្ទាយមានជ័យ បានចេញសេចក្តីជូនដំណឹងស្តីពី ការផ្អាកបណ្តោះអាសន្នយានយន្តធុនធំគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់តាមកំណាត់ ផ្លូវជាតិលេខ៥, លេខ៥៩ និងលេខ ៥៦D និងផ្លូវខេត្តលេខ១៥៩H ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ដោយសារទទួលរងឥទ្ធិពល ភ្លៀងធ្លាក់ជាបន្តបន្ទាប់បានបណ្តាលឱ្យមានជំនន់ទឹកភ្លៀងលិច និងហូរកាត់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់មួយចំនួន។ ចំពោះកំណាត់ផ្លូវដែលត្រូវផ្អាកបណ្តោះអាសន្នចំពោះយានយន្តធុនធំគ្រប់ប្រភេទរួមមាន ៖ ១. កំណាត់ផ្លូវជាតិលេខ ៥ ត្រង់ចំណុច គ.ម ៤០២+២០០ ដល់ គ.ម ៤០៧+៤៥០ ស្ថិតក្នុងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត, ២. កំណាត់ផ្លូវជាតិលេខ ៥៩ ត្រង់ចំណុច គ.ម ២០+០០០ ដល់ គ.ម ៣០+០០០ ស្ថិតក្នុងឃុំអូរសំព័រ ដល់ឃុំទួលពង្រ ស្រុកម៉ាឡៃ ដល់ គ.ម ១៩+៩០០ ស្ថិតក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ៣. កំណាត់ផ្លូវជាតិលេខ ៥៦០ ត្រង់ចំណុច គ.ម ០+០០០០, ៤. កំណាត់ផ្លូវខេត្តលេខ ១៥៩អ ត្រង់ចំណុច គ.ម ០+០០០ ដល់ គ.ម ១៥+៧០០ ស្ថិតក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ដល់ឃុំទួលពង្រ ស្រុកម៉ាឡៃ៕


ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ





 

No comments:

Post a Comment

Pages