ខេត្តកោះកុង៖ ថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងទិវាសំអាតពិភពលោកលើកទី ៩ (9th World Cleanup Day) ឆ្នាំ២០២៦ ក្រោមមូលបទ"៥% នៃការចូលរួមពីសំណាក់ប្រជាពលរដ្ឋនៃប្រទេសនីមួយៗ" ដោយយមានការចូលរួមពីលោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សាក្រុង អភិបាលក្រុង មន្ត្រីរាជការ អាជ្ញាធរសង្កាត់ទាំង៣ បងប្អូនប្រជាពលរដ្ឋ និងសេវាករប្រមូលសំរាមក្រុងខេមរភូមិន្ទ។
លោកជំទាវបានបញ្ជាក់ថា ទិវាសំអាតពិភពលោកលើកទី៩ (9th World cleanup Day) នាពេលនេះ ដើម្បីបង្កើនបង្កើនការយល់ដឹងនិងធានាប្រសិទ្ធិភាព ក្នុងការគ្រប់គ្រងសំរាម និងសំណស់រឹងទីប្រជុំជន និងធ្វើការជំរុញ សកម្មភាព ដើម្បីកម្ពុជាមាន“ភាពស្អាត ភាពបៃតង និងចីរភាព» ជាពិសេសដើម្បីលើកកម្ពស់វិស័យទេសចរណ៍ ក្នុងទឹក ដីនៃខេត្តកោះកុងរបស់យើងតាមរយៈការគ្រប់គ្រងសំរាមប្លាស្ទិកដើម្បីធានាបាននៅភាពស្អាត អនាម័យប្រកបដោយផាសុកភាព និងជាសង្គមស៊ីវិល័យ។
ទិវាសំអាតពិភពលោកលើកទី៩ (9th World cleanup Day) មិនមែនគ្រាន់តែជាព្រឹត្តិការណ៍ ប្រមូលសំរាមមួយថ្ងៃនោះទេ ប៉ុន្តែវាជាចលនាដ៏ធំមួយដែលភ្ជាប់ទំនាក់ទំនងមនុស្សរាប់លាននាក់ជុំវិញ សកលលោក ឱ្យងើបឈរឡើងក្នុងស្មារតីរួមមួយគឺ«ដើម្បីភពផែនដីស្អាតនិងមានភាពបៃតង»។ បច្ចុប្បន្នការកើនឡើងនៃសំរាម និងសំណល់ប្លាស្ទិក កំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន សុខភាពសាធារណៈ និងជីវៈចម្រុះនៅលើផែនដី។ សកម្មភាពដែលរួមគ្នានៅថ្ងៃនេះគឺជាសារដ៏មានឥទ្ធិពលមួយបញ្ជាក់ថា៖ ការផ្លាស់ប្តូរផ្តើមចេញពីយើង៖ រាល់ការរើសសំរាមមួយកញ្ចប់ គឺជួយកាត់បន្ថយការបំពុលដល់ធម្មជាតិ។ គំរូសម្រាប់សហគមន៍៖ សកម្មភាពស្ម័គ្រចិត្តរបស់យើងនឹងបំផុសស្មារតីសហគមន៍ជុំវិញឱ្យ កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។
ប្រភព៖រដ្ឋបាលខេត្តកោះកុង






No comments:
Post a Comment