អភិបាលខេត្តកំពង់ចាម ស្នើដល់សមាគមនារីខេត្ត បន្តចលនាធ្វើការងារមនុស្សធម៌ឱ្យបានច្រើន ដើម្បីរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជា - BNP

Breaking

Monday, January 26, 2026

អភិបាលខេត្តកំពង់ចាម ស្នើដល់សមាគមនារីខេត្ត បន្តចលនាធ្វើការងារមនុស្សធម៌ឱ្យបានច្រើន ដើម្បីរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជា

(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានស្នើសុំដល់សមាជិកសមាគមនារី តាម ខេត្ត ក្រុង-ស្រុក ជួយធ្វើចលនាធ្វើការងារសង្គម តាមរយៈ ជួយស្ត្រីមានផ្ទៃពោះ ស្ត្រីមេម៉ាយ ចាស់ជរា ក្មេងកំព្រា ជនពិការ ឱ្យបានផុសផុលដើម្បីរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រ និងលើកស្ទួយជីវភាពប្រជាពលរដ្ឋ។


ឯកឧត្តម មានប្រសាសន៍លើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២៥ និងលើកទិសដៅឆ្នាំ២០២៦ របស់គណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងការអភិវឌ្ឍ និងក្រុមចលនាស្ត្រីខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ ២០២៦ នៅសាលាខេត្ត ដោយមានការអញ្ជើញចូលរួម ដោយ លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខាសមាគមនារី ដើម្បីសន្តិភាពនិងការអភិវឌ្ឍ និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម។


ឯកឧត្តមអភិបាលខេត្ត បានលើកឡើងថា កន្លងមកឃើញសកម្មភាពសមាគមនារី តែងតែចុះជួយការងារមនុស្សធម៌ជារៀងរាល់ឆ្នាំ។

លើសពីនេះ ឯកឧត្តម សូមស្នើដល់សមាគមនារីខេត្តបន្តជំរុញដល់សមាគមនារី តាម ក្រុង ស្រុក ឱ្យបន្តសកម្មភាពចុះជួយប្រជាពលរដ្ឋជួបការលំបាកឱ្យបានកាន់តែច្រើន បន្ថែមទៀតដើម្បីរួមគ្នាលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ មានលំនឹងក្នុងគ្រួសារ ហើយក៏ការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋតាមជនបទ។


ឯកឧត្តម អ៊ុន ចាន់ដា បានបន្តថា ការបង្កើតសមាគមនេះឡើង មិនមែនត្រឹមតែ គៀងគរ ថវិកា តែមួយមុខនោះទេ គឺបង្កើតឡើង ដើម្បីឱ្យសមាជិក ក្នុងសមាគមនារីចុះធ្វើសកម្មភាពជួយការងារសង្គម មិនផ្តោតសំខាន់តែរឿងលុយកាក់ចូលសមាគមនោះ ដូច្នេះ សូមសមាជិក សមាគម ប្រឹងប្រែងខិតខំជួយកិច្ចការ មនុស្សធម៌ឱ្យបានច្រើន។


ជាមួយគ្នានេះ ឯកឧត្តម អភិបាលខេត្តកំពង់ចាម ក៏បានអំពាវនាវ ដល់សមាជិក នីមួយៗ ត្រូវមានការសាមគ្គីភាពផ្ទៃក្នុង មានឯកភាពគ្នា ចេះជួយគ្នាទៅវិញទៅមក ដល់សមាជិកក្នុងក្រុមដែលជួបការលំបាក ហើយបន្តពង្រឹងសមត្ថភាពចំណេះដឹង ចំណេះ ធ្វើឱ្យមានសមត្ថភាព គ្រប់គ្រាន់ សម្រាប់ធ្វើជាអ្នកដឹកនាំ ក្រុម ដឹកនាំសមាគមន៍ និងក្លាយជាសរសៃរឈាមសេដ្ឋកិច្ចរបស់ប្រទេសជាតិ៕


ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម





 

No comments:

Post a Comment

Pages