អភិបាលខេត្តបាត់ដំបង អញ្ជើញសម្របសម្រួលជូនដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅភូមិសាស្រ្តស្រុកសំពៅលូន និងស្រុកភ្នំព្រឹក - BNP

Breaking

Thursday, January 22, 2026

អភិបាលខេត្តបាត់ដំបង អញ្ជើញសម្របសម្រួលជូនដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅភូមិសាស្រ្តស្រុកសំពៅលូន និងស្រុកភ្នំព្រឹក

ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃពុធទី២១ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបងរួមជាមួយក្រុមសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅភូមិសាស្រ្តស្រុកសំពៅលូន និងស្រុកភ្នំព្រឹក ក្នុងខេត្តបាត់ដំបងក្រោយបទឈប់បាញ់ចូលជាធរមាន និងចុះទៅពិនិត្យមើលទីតាំងស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ក្នុងនោះរួមមានលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ និងមន្ទីរពេទ្យបង្អែកសំពៅលូន ដែលត្រូវរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារការវាយប្រហាររបស់យោធាថៃកាលពីខែធ្នូ ឆ្នាំ២០២៥។




ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានគូសបញ្ជាក់ប្រាប់ក្រុមការងារ AOTថាកម្ពុជាតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់មិនអាចខ្វះបានក្នុងការពង្រឹងតួនាទី និងអាណត្តិរបស់ AOT ដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព សំដៅលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក។




ឯកឧត្តម សុខ លូ បញ្ជាក់ ប្រាប់ ក្រុមការងារ AOTបន្ថែមថា ប្រជាពលរដ្ឋ ខ្មែរស្រឡាញ់សន្តិភាព ត្រូវការសន្តិភាព និងចង់បានព្រំដែនមួយដែលមាន សុខសុវត្ថិភាព។ 




សូមជម្រាបថា អំឡុង សង្រ្គាម ឈ្លានពាន របស់ថៃ មកលេី ដែន អធិបតេយ្យភាពកម្ពុជា សម្រាប់ ភូមិសាស្ត្រខេត្តបាត់ដំបង ទាហានឈ្លានពានថៃបានទម្លាក់គ្រាប់ និងបាញ់ផ្លោងលើស្រុក៣ និងក្រុង១ មាន៨ឃុំ និងសង្កាត់១ ភូមិចំនួន១៧ភូមិ ដែលមានសកម្មភាពចំនួន២៩លើក មានយន្តហោះចម្បាំង T-50 ចំនួន៤គ្រឿង ទម្លាក់គ្រាប់៣លើក ចំនួន៦គ្រាប់ និងប្រើប្រាស់កាំភ្លើងធំធុនធ្ងន់បាញ់ផ្លោងចំនួន២៦លើក ស្មើនឹង ៣៥៤គ្រាប់ នៅភូមិសាស្ត្រស្រុកភ្នំព្រឹក ស្រុកសំពៅលូន និងស្រុកបាណន់។ ក្នុងការឈ្លានពាននេះ មានប្រជាពលរដ្ឋភៀសសឹកមកក្នុងខេត្ត សរុប ចំនួន ២៦ ៤៩១ គ្រួសារ ស្មេីនឹង មនុស្ស រាយ ចំនួន ៨៩ ៤៤៧នាក់ ,ស្រីចំនួន ៤៦ ៤១២នាក់ និងកុមារ ចំនួន ២៧ ១៣៤នាក់។ 




សូមបញ្ជាក់ថា រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ច្បាស់លាស់ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញខ្ជាប់ខ្ជួន និងប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត ចំពោះសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព និងសុវត្ថិភាពយូរអង្វែងនៅតាមបណ្តោយព្រំដែន៕




ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង





 

No comments:

Post a Comment

Pages