អភិបាលខេត្តបន្ទាយមានជ័យ ទទួលស្វាគមន៍ អភិបាលក្រុង METZ និងប្រតិភូមកកាន់ទឹកដីខេត្តបន្ទាយមានជ័យ - BNP

Breaking

Wednesday, November 18, 2026

អភិបាលខេត្តបន្ទាយមានជ័យ ទទួលស្វាគមន៍ អភិបាលក្រុង METZ និងប្រតិភូមកកាន់ទឹកដីខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ លោក ហ្វ្រង់ស្វ័រ ក្រូឌីឌីយេ(Francois Grosdidier) អភិបាលក្រុង METZ សាធារណៈរដ្ឋបារាំង រួមនឹងគណៈប្រតិភូ នៃស្ថានកុងស៊ុលកិត្តិយសកម្ពុជាប្រចាំក្រុង METZ ប្រទេសបារាំង បានបំពេញទស្សនកិច្ច មកកាន់ខេត្តបន្ទាយមានជ័យ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តបន្ទាយមានជ័យ ដឹកនាំដោយ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត ប្រារព្ធ ធ្វើឡើងនៅសាលប្រជុំ ក សាលាខេត្តបន្ទាយមានជ័យល្ងាចថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦។ 


នាឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី ក៏បានលើកឡើងពីព្រឹត្តិការណ៍សង្រ្គាមឈ្លានពានទាំងកម្រោល ដែលបង្កឡើងដោយភាគីថៃមកលើកម្ពុជាទាំង២លើក កាលពីឆ្នាំ២០២៥កន្លងទៅ បានបណ្តាលឱ្យមានផ្ទះសំបែង របស់បងប្អូនពលរដ្ឋកម្ពុជារងការបំផ្លិតបំផ្លាញ ពលរដ្ឋស្លូតត្រង់បានស្លាប់ និងរបួស ដោយសារយោធាថៃប្រើប្រាស់អាវុធគ្រប់ប្រភេទបាញ់ស្រោចមកលើកម្ពុជា វីរកងទ័ពបានរងរបួស និងពលីក្នុងសមរភូមិ ដើម្បីបុព្វហេតុការពារជាតិមាតុភូមិកម្ពុជា។


ជាមួយគ្នានោះ ឯកឧត្តម អភិបាល ខេត្តបន្ទាយមានជ័យ ក៏លើកឡើងពីការចូលរួមរបស់ អង្គការកុមារជ័យ ដែលកន្លងមកបានសហការជាមួយវិទ្យាល័យ ហ៊ុន សែន ខ្លាកូន ក្រុងសិរីសោភ័ណ ដើម្បីបើកបង្រៀនថ្នាក់ភាសាបារាំងដល់សិស្សានុសិស្ស កម្រិតវិទ្យាល័យ ចាប់ពីថ្នាក់ទី១០ដល់ថ្នាក់ទី១២។


ក្នុងនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានបញ្ជាក់ពីសារៈសំខាន់ភាសារបារាំង ពិតជាបានបំពេញតួនាទីសកលដ៏មានសារៈសំខាន់ជាទីបំផុតនៅក្នុងវិស័យទំនាក់ទំនងអន្តរជាតិ ជាពិសេស ចូលរួមលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌ដ៏ល្អពីជាតិសាសន៍មួយទៅជាតិសាសន៍មួយ ពីសង្គមមួយទៅដល់សង្គមមួយ និងពីប្រទេសមួយទៅកាន់ប្រទេសមួយទៀត ដែលមានប្រពៃណី-ទំនៀមទម្លាប់ មិនដូចគ្នាឱ្យឈានទៅអាចស្វែងយល់ស៊ីជម្រៅពីគ្នាទៅវិញទៅមកបានយ៉ាងល្អប្រសើរ។


នាឱកាសនោះលោក ហ្វ្រង់ស្វ័រ ក្រូឌីឌីយេ(Francois Grosdidier) ក៏បានអរគុណទៅដល់សាលាលោកគ្រូ-អ្នកគ្រូ ក៏ដូចជាអាជ្ញាធរខេត្ត ដែលជួយសម្របសម្រួល ដល់អង្គការកុមារជ័យ ដែលបានចូលរួមយ៉ាងសកម្មក្នុងការរៀបចំ ឱ្យមានការសិក្សាភាសាបារាំងនៅក្នុងវិទ្យាល័យ ដោយបានយល់ព្រមដាក់ចិត្តក្នុងការជួយដល់អង្គការកុមារជ័យ ដើម្បីបង្រៀនភាសាបារាំងនៅក្នុងខេត្តបន្ទាយមានជ័យ ដើម្បីភ្ជាប់ទំនាក់ទំនងរវាងប្រទេសកម្ពុជា និងប្រទេសបារាំង ឱ្យកាន់តែស្អិតរមួតថែមទៀត។ លោកបន្តថា ប្រទេសកម្ពុជា គឺជាមិត្តដ៏ល្អរបស់ប្រទេសបារាំង ក្នុងតំបន់អាស៊ី ហើយប្រទេសបារាំងជាមិត្តដ៏ល្អរបស់កម្ពុជា។ ជាមួយគ្នានោះលោក ក៏បានសាទរប្រទេសកម្ពុជា ដែលបានធ្វើជាម្ចាស់ផ្ទះ ប្រទេសដែលនិយាយភាសាបារាំង”ហ្វ្រង់កូហ្វូនី” លោកបន្តថាទៀតថា កម្ពុជា គឺជាប្រទេសនិយាយភាសាបារាំងមួយ ដែរក្នុងចំណោមប្រទសនិយាយភាសាបារាំង។ 


ពាក់ព័ន្ធនឹងបញ្ហាព្រំដែនលោកបានយល់ច្បាស់ហើយក៏បានបញ្ជាក់ដែរថា កម្ពុជា ជាប្រទេសរងគ្រោះដោយសារការឈ្លានពានរបស់ប្រទេសជិតខាង។ ដោយមើលឃើញថាប្រទេសកម្ពុជា គឺជាប្រទេសរងគ្រោះដោយសារការឈ្លានពាន នេះហើយ ទើបទីក្រុង METZ ក៏បានពិគ្រោះគ្នាតាមរយៈអង្គការកុមារជ័យ បានសាងសង់អណ្ដូងទឹកជូនដល់ប្រជាពលរដ្ឋភៀសសឹកក្នុងភូមិរង់ចាំ ទុកសម្រាប់ប្រើប្រាស់។


សូមបញ្ជាក់ថា ជាប្រវិត្តសាស្រ្តរបស់ប្រទេសកម្ពុជាទទួលបានកិត្តិយសធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំប្រារព្ធធ្វើព្រឹត្តិការណ៍ នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ដ៏អស្ចារ្យនេះ នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៥ ដល់១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ បញ្ចប់ដោយជោគជ័យប្រកបដោយផ្លែផ្កាយ៉ាងត្រចេះត្រចង់។


បច្ចុប្បន្នមានប្រទេសជាង៩០នៅលើពិភពលោក បាននិងកំពុងប្រើប្រាស់ភាសារបារាំងដ៏ពេញនិយម ក្នុងការទំនាក់ទំនងគ្នាយ៉ាងសកម្មលើគ្រប់ទិដ្ឋភាពជាច្រើនដែលពុំអាចនឹងពិពណ៌នាបានអស់នោះឡើយ មិនតែប៉ុណ្ណោះ ប្រទេសជាង៩០លើពិភពលោក ក៏បានផ្តួចផ្តើមបង្កើតឡើងនូវព្រឹត្តិការណ៍ដ៏អស្ចារ្យនោះគឺ“កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី”៕


ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ





 

No comments:

Post a Comment

Pages