ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ ឆ្នាំ២០២៦ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ជួប ខុន សមាជិកក្រុមប្រឹក្សា តំណាង ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ពេញ ធារម្យ អភិបាលរង តំណាង ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦។
នាឱកាសនោះ ប្រជាពលរដ្ឋក្នុងខណ្ឌពោធិ៍សែនជ័យ បានលើកជាសំណួរ សំណូមពរ និងសំណើយ៉ាងផុលផុស ក្នុងនោះ មានសំណើផ្ទាល់មាត់ចំនួន ១៦ និងសំណើ សំណូមពរជាលាយលក្ខណ៍អក្សរចំនួន ៧៣ ស្មើនឹង ២៤ បញ្ហា ដែលនេះបង្ហាញពីការចូលរួមយ៉ាងសកម្មរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ។
រាល់សំណើ និងសំណូមពររបស់ប្រជាពលរដ្ឋ ក៏ដូចជាសំណើរបស់អាជ្ញាធរសង្កាត់ ភូមិ លោកគ្រូ អ្នកគ្រូ ភាគច្រើនគឺសំណើសុំផ្លូវ និងប្រព័ន្ធលូ ដើម្បីជួយសម្រួលក្នុងការធ្វើដំណើរ និងកាត់បន្ថយការលិចលង់ដោយជំនន់ទឹកភ្លៀងជាដើម។ បងប្អូនក៏បានថ្លែងអំណរគុណដល់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដែលបានជួយចេញបណ្ណកម្មសិទ្ធិជូនបងប្អូនដែលរង់ចាំជាយូរឆ្នាំ។
ឯកឧត្តម ជួប ខុន បានលើកឡើងថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់វប្បធម៌ជជែកពិភាក្សា។ រាល់បញ្ហាអាទិភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ត្រូវបានពិនិត្យដោះស្រាយ និងឆ្លើយតប ហើយគ្រប់អ្នកពាក់ព័ន្ធទាំងអស់ក្នុងមូលដ្ឋាន ត្រូវបានរួមបញ្ចូលបរិយាបន្ននៅក្នុងដំណើរការនៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។
ក្នុងឱកាសនោះដែរ លោក ពេញ ធារម្យ ជំរុញការដោះស្រាយបញ្ហាហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធលូ និងបរិស្ថាន ដោយត្រូវបន្តតាមដាន និងពន្លឿនការអនុវត្តគម្រោងផ្លូវ-លូ ដែលបានដាក់បញ្ចូលក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិលរួចហើយ និងបន្តស្តារប្រឡាយ-លូមូលដ្ឋានឱ្យបានទាន់ពេលវេលា ដើម្បីបញ្ចៀសការជន់លិច ទន្ទឹមនឹងការពង្រឹងការគ្រប់គ្រង និងប្រមូលសំរាមឱ្យបានទៀងទាត់ និងស្អាតជាប្រចាំ៕
ប្រភព ៖ រដ្ឋបាលរាជធានីភ្នំពេញ





No comments:
Post a Comment