រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដឹកនាំពិធីសំណេះសំណាលជាមួយនិស្សិតពន្ធនាគារ ដែលត្រៀមទៅសិក្សាវគ្គបណ្តុះបណ្តាលថ្នាក់មហាវិទ្យាល័យជំនាញអនុវត្តទោសព្រហ្មទណ្ឌ និងជំនួយផ្នែកច្បាប់ រយៈពេលពេញ ៥ឆ្នាំ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាអគ្គនាយករង ប្រធាននាយកដ្ឋានជំនាញទាំងប្រាំ ប្រធានមណ្ឌលអប់រំកែប្រែ ប្រធានពន្ធនាគាររាជធានី-ខេត្ត និងមន្ត្រីពាក់ព័ន្ធ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អគ្គនាយក បានផ្តល់អនុសាសន៍ណែនាំសំខាន់ៗមួយចំនួន ដើម្បីយកទៅអនុវត្ត រួមមាន ៖
១. ក្នុងរយៈពេលស្នាក់នៅសិក្សានៅប្រទេសវៀតណាម ត្រូវយកចិត្តទុកដាក់ខិតខំប្រឹងប្រែងរៀនសូត្រតាមកម្មវិធីសិក្សាឱ្យទទួលបានលទ្ធផលល្អ ត្រូវគោរពវិន័យ និងបទបញ្ជាផ្ទៃក្នុងរបស់សាលា គោរពច្បាប់ និងទំនៀមទម្លាប់ប្រពៃណីរបស់ប្រជាជាតិគេ។
២. ត្រូវប្រកាន់ខ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈជាមន្ត្រីរាជការ និងត្រូវចៀសវាងដាច់ខាតការប្រព្រឹត្តកំហុសឆ្គងផ្ទុយនឹងច្បាប់ប្រទេសវៀតណាម ដែលជះឥទ្ធិពលដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងមុខមាត់ក្រសួងមហាផ្ទៃ ក៏ដូចជាប្រទេសជាតិ។
៣. ត្រូវប្រកាន់ខ្ជាប់នូវអត្តសញ្ញាណជាតិ និងលើកតម្កើងវប្បធម៌ ប្រពៃណីទំនៀមទម្លាប់ដ៏ល្អរបស់យើង។
៤. ត្រូវរក្សាសាមគ្គីភាព និងទំនាក់ទំនងល្អរវាងនិស្សិតកម្ពុជាយើង ក៏ដូចជានិស្សិតមកពីបណ្តាប្រទេសផ្សេងៗ ត្រូវចេះជួយទុក្ខធុរៈ និងកិច្ចគាំទ្រគ្នាទៅវិញទៅមក ទាំងលើការសិក្សាក៏ដូចជាក្នុងការរស់នៅប្រចាំថ្ងៃ។
៥. ខិតខំអភិវឌ្ឍខ្លួនឱ្យក្លាយជាធនធានមនុស្សដ៏មានសក្តានុពល ប្រកបដោយគុណភាព ឆ្លើយតបនឹងបរិបទការងារនៃយុគសម័យជឿនលឿនដែលមានការប្រកួតប្រជែង ជាពិសេសត្រូវយកចំណេះដឹង ជំនាញវិជ្ជាជីវៈ និងបទពិសោធន៍ដែលទទួលបាន មកជួយការងារអង្គភាព និងបម្រើជាតិមាតុភូមិ។
ប្រភព៖ អគ្គនាយកដ្ឋានពន្ធនាគារ





No comments:
Post a Comment