អភិបាលខេត្តពោធិ៍សាត់ ចុះត្រួតពិនិត្យ នូវវឌ្ឍនភាពនៃដំណើរការជួសជុលកែលម្អបណ្ណាល័យ និងអគារអាមេរិកាំង (USA) ឡើងវិញ ស្ថិតក្នុងវិទ្យាល័យពោធិ៍សាត់ - BNP

Breaking

Friday, September 11, 2026

អភិបាលខេត្តពោធិ៍សាត់ ចុះត្រួតពិនិត្យ នូវវឌ្ឍនភាពនៃដំណើរការជួសជុលកែលម្អបណ្ណាល័យ និងអគារអាមេរិកាំង (USA) ឡើងវិញ ស្ថិតក្នុងវិទ្យាល័យពោធិ៍សាត់

ពោធិ៍សាត់៖ ព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចុះត្រួតពិនិត្យដោយផ្ទាល់ នូវវឌ្ឍនភាពនៃដំណើរការជួសជុលកែលម្អបណ្ណាល័យ និងអគារអាមេរិកាំង (USA) ឡើងវិញ ស្ថិតក្នុងវិទ្យាល័យពោធិ៍សាត់ ដើម្បីប្រែក្លាយទៅជា «សាលារៀនជំនាន់ថ្មី (NGS)»។'

ក្នុងបេសកកម្មចុះត្រួតពិនិត្យការដ្ឋាននេះ ក៏មានការអញ្ជើញចូលរួមអមដំណើរដោយ លោក ហៀម ឃួន អភិបាលរង នៃគណៈអភិបាលខេត្ត, ឯកឧត្តម លឹម ចន្ទថៃ សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មការគ្រប់គ្រងសាលា ព្រមទាំងលោកនាយក លោកនាយករង និងអាជ្ញាធរពាក់ព័ន្ធមួយចំនួនទៀត។

ក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ និងបានផ្តល់អនុសាសន៍ណែនាំយ៉ាងម៉ឺងម៉ាត់ដល់ក្រុមការងារបច្ចេកទេស ក៏ដូចជាក្រុមហ៊ុនសាងសង់ ត្រូវខិតខំជំរុញ និងពន្លឿនល្បឿនការងារជួសជុលឱ្យបានឆាប់រហ័សបំផុត ដើម្បីឱ្យសាលារៀនមានលទ្ធភាពទាន់ពេលវេលា ក្នុងការទទួលសិស្សានុសិស្សចូលរៀន នាឱកាសបើកបវេសនកាល ឆ្នាំសិក្សាថ្មី ២០២៦-២០២៧ខាងមុខ។


ជាមួយគ្នានោះ ឯកឧត្តមបានណែនាំគណៈគ្រប់គ្រងសាលា ត្រូវត្រួតពិនិត្យតាមដានដោយយកចិត្តទុកដាក់ ចំពោះក្រុមជាង រាល់ការជួសជុល និងបំពាក់បរិក្ខារ ត្រូវតែអនុវត្តឱ្យស្របតាមបទដ្ឋានបច្ចេកទេសយ៉ាងត្រឹមត្រូវ ធានាបាននូវគុណភាពរឹងមាំ សោភ័ណភាព និងសុវត្ថិភាពខ្ពស់បំផុត សម្រាប់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សប្រើប្រាស់រយៈពេលវែង។


តាងនាមអាជ្ញាធរដែនដី លោកគ្រូ អ្នកគ្រូ មាតាបិតាសិស្ស និងប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់, ឯកឧត្តម ខូយ រីដា បានសម្តែងនូវការគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដែលបានផ្តល់កាដូដ៏ថ្លៃថ្លាជា «សាលារៀនជំនាន់ថ្មី» ជូនដល់វិទ្យាល័យពោធិ៍សាត់។


ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ថា កាដូប្រវត្តិសាស្ត្រនេះ គឺជាជំហានថ្មីមួយដ៏សំខាន់ ក្នុងការលើកកម្ពស់គុណភាពអប់រំ និងកាត់បន្ថយគម្លាតសមត្ថភាពសិក្សា រវាងរាជធានី និងខេត្ត ដើម្បីបណ្តុះបណ្តាលធនធានមនុស្សក្នុងខេត្តពោធិ៍សាត់ ឱ្យមានមូលដ្ឋានគ្រឹះរឹងមាំ ឆ្លើយតបទៅនឹងយុគសម័យសេដ្ឋកិច្ចឌីជីថល៕

ប្រភព៖ រដ្ឋបាលខេត្តពោធិ៍សាត់





 

No comments:

Post a Comment

Pages