ឯកឧត្តម សរ សិទ្ធិ អញ្ជើញដឹកនាំកិច្ចប្រជុំ “ បូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅបន្ត” របស់អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ - BNP

Breaking

Tuesday, September 1, 2026

ឯកឧត្តម សរ សិទ្ធិ អញ្ជើញដឹកនាំកិច្ចប្រជុំ “ បូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅបន្ត” របស់អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ

ភ្នំពេញ៖ ព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦  ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការទទួលការងារអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី “ការបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅខែកញ្ញា ឆ្នាំ២០២៦” របស់អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ។

 

កិច្ចប្រជុំនេះ ប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលអភិវឌ្ឍធនធានកីឡាជាតិកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ឧត្តមសេនីយឯក យិត ភីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ឯកឧត្តមអគ្គលេខាធិការរង លោក-លោកស្រី ប្រធាន-អនុប្រធានអង្គភាព លោក-លោកស្រី ប្រតិភូ-ប្រតិភូរង ព្រមទាំងលោកនាយការិយាល័យ និងមន្ត្រីពាក់ព័ន្ធទាំងអស់។


 

ក្នុងឱកាសនោះ ឯកឧត្តម សរ សិទ្ធិ មានប្រសាសន៍កោតសរសើរដល់ឯកឧត្តមអគ្គលេខាធិការ លោកអគ្គលេខាធិការរង លោក-លោកស្រីប្រធានអង្គភាព អនុប្រធានអង្គភាព ប្រតិភូ ប្រតិភូរង ដែលបានបំពេញការងារក្នុងខែកន្លងមកដោយទទួលបានលទ្ធផលប្រសើរជារៀងរាល់ខែ។ ជាពិសេសត្រូវបន្តបំពេញតួនាទីភារកិច្ចរបស់ខ្លួនតាមការប្រគល់ភារកិច្ចរបស់អង្គភាពទៅតាមតួនាទីដែលខ្លួនទទួលខុសត្រូវ ហើយនិងត្រូវរៀនបង្កើតគំនិតថ្មីៗ ដែលអាចជួយជំរុញវិស័យកីឡារបស់យើងមានការរីកចម្រើនតទៅមុខទៀត។


 

ជាមួយគ្នានេះ ឯកឧត្តម រដ្ឋលេខាធិការ បានវាយតម្លៃខ្ពស់ចំពោះ អស់លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់របស់អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សា កីឡាក្រសួងមហាផ្ទៃ ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការបំពេញនូវតួនាទីភារកិច្ចតាមមុខងារនីមួយៗដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបានលទ្ធផលការងារគួរឱ្យកត់សម្គាល់។


 

ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំដល់ប្រតិភូ-ប្រតិភូរង ត្រូវបន្តតាមដានរាល់សកម្មភាពនានារបស់កីឡាករ-កីឡាការិនីតាមសមាគមនីមួយៗឱ្យបានជាប់លាប់ និងត្រូវមានការសហការល្អជាមួយសហព័ន្ធកីឡាជាតិ ជាពិសេសការត្រៀមលក្ខណៈឱ្យបានកាន់តែរួចរាល់សម្រាប់ការប្រកួតព្រឹត្តិការណ៍កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ឆ្នាំ២០២៦ ដែលនឹងមកដល់នាខែវិច្ឆិកាខាងមុខ។


 

 

ជាទីបញ្ចប់ ឯកឧត្តម សរ សិទ្ធិ មានប្រសាសន៍ផ្ដាំផ្ញើ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីបន្ថែមថា សូមបន្តយកចិត្តទុកដាក់បំពេញភារកិច្ចការងារប្រកបដោយប្រសិទ្ធភាពខ្ពស់ និងត្រូវពង្រឹងសាមគ្គីភាពក្នុងអង្គភាពឱ្យបានខ្ចាប់ខ្ចួន៕


ប្រភព៖ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡា





 

No comments:

Post a Comment

Pages