កំពត៖ ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត បានថ្លែងប្រាប់ពលរដ្ឋដែលទទួលបានបណ្ណកម្មសិទ្ធដីធ្លី ត្រូវចេះយកទៅប្រើប្រាស់ឱ្យចំគោលដៅដើម្បីលើកកម្ពស់ជីវភាពរស់នៅ និងរួមចំណែកអភិវឌ្ឍន៍សង្គមជាតិ។
ថ្លែងក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុភូមិត្រពាំងក្តារ ភូមិខ្ពស់ និងភូមិអូរប្ញស្សី ឃុំស្រែជាខាងត្បូង ស្រុកដងទង់ ខេត្តកំពត ដែលធ្វើឡើងក្នុងបរិវេណសាលាឃុំស្រែជាខាងត្បូង នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា ដោយអនុវត្តតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំយ៉ាងប៉ិនប្រសប់និង ប្រកបដោយ គតិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងប្រកបដោយ គតិបណ្ឌិតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រទេសជាតិទាំងមូលមានសុខសន្តិភាពពេញលេញ ប្រជាពលដ្ឋរស់ក្រោមម្លប់សន្តិភាពរហូតមកដល់បច្ចុប្បន្ន។
ឯកឧត្តម អភិបាលខេត្ត បានបន្តថា អស់រយៈកាលច្រើនជំនាន់មកហើយ ប្រជាពលរដ្ឋស្ទើរគ្រប់តំបន់មិនមានបណ្ណកម្មសិទ្ធិលើដីធ្លី និងផ្ទះសម្បែង ដែលធ្វើឱ្យការប្រើប្រាស់ដីធ្លី និងការទាញយកប្រយោជន៍ពីដីធ្លីមិនអស់សក្តានុពលនៃដី។
ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត បានបញ្ជាក់ថា ដោយអនុវត្តតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងវិស័យដីធ្លី អាជ្ញាធរខេត្តកំពត មន្ទីរជំនាញ រួមនឹងមន្ត្រីក្រុមចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៃកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីខេត្តកំពត បានខិតខំប្រឹងប្រែង យកចិត្តទុកដាក់លើការអនុវត្តការងារចុះបញ្ជីដីជូនបងប្អូនប្រជាពលរដ្ឋឱ្យកាន់តែលឿន និងមានប្រសិទ្ធភាព ស្របតាមកិច្ចចង្អុលការពីសំណាក់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយធ្វើយ៉ាងណាចេញបណ្ណកម្មសិទ្ធដីធ្លីជូនពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យបានឆាប់បំផុត។
ជាមួយគ្នានេះដែរ ឯកឧត្តម អភិបាលខេត្ត ក៏បានជំរុញឱ្យពលរដ្ឋដែលទទួលបានបណ្ណរួចហើយ សូមយកទៅប្រើប្រាស់ឱ្យចំគោលដៅ និងទាញយកប្រយោជន៍ពីដីធ្លីឱ្យអស់សក្តានុពលនៃដី ដើម្បីលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជារួមចំណែកក្នុងការអភិវឌ្ឍន៍សង្គមផងដែរ។ ទន្ទឹមនឹងនោះ ក្រោយពេលដែលទទួលបានបណ្ណកម្មសិទ្ធដីធ្លីរួចរាល់ហើយ សូមបងប្អូនកុំមានវិវាទពាក់ព័ន្ធនឹងដីធ្លីបន្តទៀត ដោយសារមុននឹងបានចេញបណ្ណនេះមកគឺមានការឯកភាពគ្នាទាំងសងខាងរួចមកហើយ សម្រាប់អ្នកនៅជាប់ព្រំដីគ្នា ហើយបើមានជម្លោះ ឬវិវាទ យន្តការនៃការដោះស្រាយក្រៅប្រព័ន្ធតុលាការក៏មិនអាចដោះស្រាយជូនបានឡើយ គឺមានតែដោះស្រាយនៅប្រព័ន្ធតុលាការតែប៉ុណ្ណេះ ដូច្នេះសូមកុំឱ្យកើតមានឡើងនូវវិវាទដីធ្លីក្រោយទទួលបានបណ្ណកម្មសិទ្ធនេះ។
យោងតាមរបាយការណ៍របស់ លោក ព្រាប សុផាត ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានឱ្យដឹងថា ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិដីធ្លី) ជូនប្រជាពលរដ្ឋនាពេលនេះមានចំនួន ៣ ភូមិ គឺមានភូមិត្រពាំងក្តារ ភូមិខ្ពស់ និងភូមិអូរប្ញស្សី ឃុំស្រែជាខាងត្បូង ស្រុកដងទង់ ដែលមានក្បាលដីសរុបចំនួន ៤ ១៨៧ក្បាលដី ស្មើនឹង ២ ២១៧គ្រួសារ។ ការប្រគល់ប័ណ្ណកម្មសិទ្ធិនេះ ធ្វើឡើងក្នុងគោលបំណងធានាសុវត្ថិភាពផ្លូវច្បាប់លើការកាន់កាប់ដីធ្លីជូនប្រជាពលរដ្ឋ កាត់បន្ថយទំនាស់ដីធ្លី និងលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង៕
ប្រភព៖ រដ្ឋបាលខេត្តកំពត





No comments:
Post a Comment