ខេត្តកណ្តាល៖ ប្រជាពលរដ្ឋរស់នៅភូមិក្រងស្វាយ ឃុំរកាកោងទី២ ស្រុកមុខកំពូល ខេត្តកណ្តាល កំពុងសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង និងបានទទូចស្នើសុំដល់ លោក យី យ៉េន អភិបាលនៃគណៈអភិបាលស្រុកមុខកំពូល ព្រមទាំងមន្ទីរ-ក្រសួងពាក់ព័ន្ធ មេត្តាចាត់វិធានការចុះពិនិត្យ និងមានចំណាត់ការតាមផ្លូវច្បាប់ជាបន្ទាន់ ចំពោះទីតាំងរោងចក្រផលិតបារីមួយកន្លែង ដែលកំពុងដំណើរការដោយគ្មានផ្លាកសញ្ញា និងសង្ស័យថាគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅមូលដ្ឋានបានឱ្យដឹងថា រោងចក្រផលិតបារីលួចលាក់មួយនេះ បាននិងកំពុងដំណើរការសង្វាក់ផលិតកម្មយ៉ាងរលូនជារៀងរាល់ថ្ងៃ។
សកម្មភាពនៃការផលិតនេះ បានបញ្ចេញភាយនូវផ្សែង ក្លិន និងសារធាតុគីមី ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថានរស់នៅ ជាពិសេសគឺសុខ:មាលភាពរបស់បងប្អូនប្រជាពលរដ្ឋ កុមារតូចៗ និងមនុស្សចាស់ជរា ដែលរស់នៅជុំវិញទីតាំងនោះ ឱ្យប្រឈមនឹងបញ្ហាផ្លូវដង្ហើម និងជំងឺផ្សេងៗ។
អ្វីដែលធ្វើឱ្យប្រជាពលរដ្ឋមានការងឿងឆ្ងល់ និងដាក់ការសង្ស័យនោះគឺ ហេតុអ្វីបានជារោងចក្រផលិតបារីដ៏ធំបែបនេះ បែរជាមិនមានការដាក់ផ្លាកសញ្ញាសម្គាល់អ្វីទាំងអស់ ហើយអាចបើកដំណើរការបានយ៉ាងរលូន ដោយគ្មានការចុះពិនិត្យ ឬអនុវត្តច្បាប់ពីសំណាក់អាជ្ញាធរដែនដី ឬមន្ទីរជំនាញពាក់ព័ន្ធណាមួយទាល់តែសោះ។ ករណីនេះ បានធ្វើឱ្យមហាជនដាក់ការសង្ស័យថា អាចមានការឃុបឃិតគ្នាជាប្រព័ន្ធ ឬមានអំពើពុករលួយនៅពីក្រោយខ្នង ទើបបានជារោងចក្រខុសច្បាប់នេះអាចឈរជើង និងបង្កផលប៉ះពាល់ដល់ពលរដ្ឋដោយគ្មានការកោតក្រសែភ្នែកបែបនេះ។
បច្ចុប្បន្ន ប្រជាពលរដ្ឋនៅក្នុងភូមិក្រងស្វាយ ឃុំរកាកោងទី២ មិនដឹងជាត្រូវទីពឹងលើនរណាក្រៅពីអាជ្ញាធរស្រុក និងខេត្តនោះឡើយ។
ពួកគាត់សូមគោរពស្នើសុំយ៉ាងទទូចដល់ លោក យី យ៉េន អភិបាលស្រុកមុខកំពូល មេត្តាចាត់មន្ត្រីក្រមឱវាទ ឬរាយការណ៍បន្តទៅមន្ទីរជំនាញថ្នាក់ខេត្ត ក្រោមការដឹកនាំរបស់ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាល ខេត្តកណ្តាល ដើម្បីចុះបិទ ឬកែសម្រួលបច្ចេកទេសរោងចក្រនេះជាបន្ទាន់។
ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋក៏ត្រៀមខ្លួននឹងរាយការណ៍ករណីមិនប្រក្រតីនេះ បញ្ជូនទៅកាន់ថ្នាក់ដឹកនាំក្រសួងធំៗ រួមមាន ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម, ឯកឧត្តម ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដើម្បីសុំការអន្តរាគមន៍ដោះស្រាយ និងផ្តល់យុត្តិធម៌ និងភាពស្អាតស្អំជូនដល់យន្តការរដ្ឋបាលថ្នាក់ក្រោមជាតិផងដែរ ប្រសិនបើមិនមានចំណាត់ការទប់ស្កាត់ទាន់ពេលវេលានោះទេ។
សារព័ត៌មាន(BNP)យើងខ្ញុំ មិនទាន់អាចស្វែងរកការសុំការបំភ្លឺពីម្ចាស់ទីតាំងរោងចក្របារីខាងលើ ឬពីអាជ្ញាធរមូលដ្ឋានឃុំរកាកោងទី២ បាននៅឡើយទេ គិតត្រឹមពេលនេះ។
យើងខ្ញុំនឹងបន្តរង់ចាំការបកស្រាយពីគ្រប់ភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ ដើម្បីផ្សាយជូនជាព័ត៌មានពិត និងមានតុល្យភាព៕





No comments:
Post a Comment