ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ អញ្ជើញជាអធិបតីក្នុងទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ២០២៥ ក្រោមប្រធានបទ «យកឈ្នះការរំខាន បរិវត្តកម្មឆ្លើយតបនឹងជំងឺអេដស៍» - BNP

Breaking

Monday, December 1, 2025

ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ អញ្ជើញជាអធិបតីក្នុងទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ២០២៥ ក្រោមប្រធានបទ «យកឈ្នះការរំខាន បរិវត្តកម្មឆ្លើយតបនឹងជំងឺអេដស៍»

ខេត្តពោធិ៍សាត់៖ ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥នេះ ក្រោមប្រធានបទ «យកឈ្នះការរំខាន បរិវត្តកម្មឆ្លើយតបនឹងជំងឺអេដស៍» រៀបចំឡើងដោយសាខាកាកបាទក្រហមកម្ពុជាខេត្ត សហការជាមួយមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត នៅថ្ងៃចន្ទ ទី០១ ខែធ្នូ ឆ្នាំ២០២៥ ដែលបានប្រារព្ធធ្វើឡើងនៅបរិវេណសាខាកាកបាទក្រហមកម្ពុជាខេត្ត ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ខូយ រីដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខា និងលោកជំទាវ អាំង សុជាតា ខូយ រីដា អនុប្រធានកិត្តិយស និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់សាខាកាកបាទក្រហមកម្ពុជាខេត្ត ព្រមទាំងសមាជិក សមាជិកា គណៈកម្មាធិការសាខា អភិបាលស្រុក ក្រុង កងកម្លាំងប្រដាប់អាវុធទាំង៣ ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីប្រតិបត្តិសាខា និងយុវជនជាច្រើនរូបទៀត។




ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានជួបសំណេះសំណាល និងបានអាននូវសារលិខិតទាំងស្រុងរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំ តំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ថ្នាក់ជាតិ លើកទី៣២ និងថ្នាក់អន្តរជាតិ លើកទី៣៧ ក្រោមប្រធានបទ «យកឈ្នះការរំខាន បរិវត្តកម្មឆ្លើយតបនឹងជំងឺអេដស៍»។




ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានថ្លែងថា ទិវាដ៏មានសារៈសំខាន់ ដែលបានប្រារព្ធធ្វើ នាពេលនេះ ក៏ដូចបណ្តាឆ្នាំកន្លងមក បញ្ជាក់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការលើកកម្ពស់ភាពមិនរើសអើង និងសិទ្ធិរស់នៅស្មើមុខស្មើមាត់ក្នុងសង្គម និងប្តេជ្ញាចិត្តយ៉ាងមោះមុត ក្នុងការបន្តសម្រេចឱ្យបាននូវគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ឆ្នាំ២០២៣-២០៣០៕




តាមរយៈនេះ ឯកឧត្តម ខូយ រីដា អភិបាលខេត្ត ក៏បានអំពាវនាវដល់វិស័យឯកជន អង្គការជាតិ អន្តរជាតិ ប្រជាពលរដ្ឋ និងយុវជនចូលរួមជាកម្លាំងសាមគ្គីទប់ស្កាត់ជំងឺឆ្លងនានា បង្ការខ្លួន គ្រួសារ សហគមន៍កុំឱ្យមានឆ្លងមេរោគអេដស៍ និងត្រូវស្វែងរកទីប្រឹក្សាសេវាថែទាំ និងព្យាបាល ជាពិសេសចំពោះស្ត្រីមានផ្ទៃពោះ ឱ្យបានយ៉ាងតិច៤ដង និងទៀងទាត់។ ជាមួយគ្នានោះ ត្រូវបង្កើនការយកចិត្តទុកដាក់ លើការធានាទាំងប្រសិទ្ធភាព ប្រសិទ្ធផល និងចីរភាព ពង្រឹងយន្តការនៃការគ្រប់គ្រងធនធានមនុស្ស ទទួលខុសត្រូវតាំងពីថ្នាក់ជាតិ ដល់ថ្នាក់ក្រោមជាតិ។ ត្រូវចូលរួមទប់ស្កាត់ គឺរួមគ្នាអនុវត្តវិធីសាស្ត្រមិត្តអប់រំមិត្ត ចាកឆ្ងាយពីគ្រឿងញៀន ខិតខំថែរក្សាសុខភាព បរិភោគអាហារូបត្ថម្ភប្រើថ្នាំប្រឆាំងមេរោគអេដស៍ឱ្យបានទៀងទាត់ មិនត្រូវរើសអើងចំពោះអ្នកផ្ទុក និងសូមអំពាវនាវដល់ក្រុមបុរសរួមភេទជាមួយបុរស ក្រុមស្ត្រីបម្រើសេវានៅតាមគ្រឹះស្ថានកម្សាន្តសប្បាយមនុស្សពេញវ័យត្រូវអនុវត្តវិធានការបង្ការការចម្លងឱ្យបានត្រឹមត្រូវ ដើម្បីសុខភាពផ្ទាល់ខ្លួន គ្រួសារ និងសង្គម។




ក្នុងឱកាសនោះដែរ ឯកឧត្តម ខូយ រីដា និងលោកជំទាវ ក៏បានចែកជូនអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជាខេត្ត ដល់អ្នកចូលរួមចំនួន១០៥នាក់ ក្នុងម្នាក់ៗអង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ និងថវិកា៥ម៉ឺនរៀលផងដែរ៕




ប្រភព៖ រដ្ឋបាលខេត្តពោធិ៍សាត់






 

No comments:

Post a Comment

Pages