ព្រឹកថ្ងៃពុធ ១០រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ នៅវត្តរំពុក ស្ថិតក្នុងភូមិរំពុក ឃុំស្វាយជ្រះ ស្រុកស្នួល រៀបចំវេទិកាសាធារណៈ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ក្រោមអធិបតីភាព ឯកឧត្តម លី ផល្លា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្នួល និងឯកឧត្តម គង់ គឹមនី អភិបាលរងខេត្ត និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្នួល ។ ដោយមានការចូលរួមពី លោក លោកស្រី ជាអនុប្រធាន និងជាសមាជិកក្រុមការងារ មន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋានស្រុក ឃុំ និងបងប្អូនប្រជាពលរដ្ឋ ។
ឯកឧត្តម លី ផល្លា បានគូសបញ្ជាក់ថា នេះជាការបើកវេទិកាសាធារណៈ ដើម្បីបង្កឱកាសឱ្យប្រជាពលរដ្ឋនៅមូលដ្ឋានបានសម្ដែងមតិ លើកឡើងពីការអភិវឌ្ឍន៍នៅមូលដ្ឋាន បញ្ហាប្រឈម ទុក្ខកង្វល់ និងអាចលើកឡើងជាសំណូមពរនានាពាក់ព័ន្ធនឹងជីវភាពរស់នៅផ្ទាល់ជូនទៅអាជ្ញាធរពាក់ព័ន្ធ ដើម្បីរកការដោះស្រាយសមស្រប។
បងប្អូនប្រជាពលរដ្ឋចូលរួមវេទិកាបានលើកឡើងនូវក្ដីកង្វល់ និងសំណូមពរមួយចំនួន១).ការសាងសង់និងជួសជុលផ្លូវលំ ដាក់លូក្នុងភូមិ ២).សាងសង់ផ្លូវតភ្ជាប់ពីភូមិមួយទៅភូមិមួយក្នុងឃុំ ៣).ក្ដីកង្វល់ពីតម្លៃស្រូវ ។
ឆ្លើយតបនឹងក្ដីកង្វល់និងសំណូមពរទាំងនេះ ឯកឧត្តម គង់ គឹមនី មានប្រសាសន៍ថា ការសាងសង់និងជួសជុលផ្លូវ ដាក់លូ ដែលប្រជាពលរដ្ឋ បាននិងកំពុងជួបទុក្ខលំបាក មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត នឹងចាប់ផ្ដើមសិក្សាសាងសង់នៅក្នុងឆ្នាំ២០២៥ ។ រីឯបញ្ហាស្រូវចុះថោក ឯកឧត្តម បានជំរុញឱ្យប្រជាពលរដ្ឋសហការជាមួយអាជ្ញាធរមូលដ្ឋាន និងអ្នកជំនាញកសិកម្មឃុំ ជ្រើសរើសពូជស្រូវឱ្យបានសមស្រប កែច្នៃជីធម្មជាតិដោយខ្លួនឯងសំដៅកាត់បន្ថយការចំណាយលើជីកសិកម្ម ដើម្បីធានាឱ្យបានថ្លៃស្រូវសមរម្យនៅរដូវច្រូតកាត់។
ឯកឧត្តម បានណែនាំដល់អាជ្ញាធរឃុំ ប៉ុស្តិ៍នគរបាល បងប្អូនប្រជាពលរដ្ឋ និងប្រជាការពារ ៖ ១)-ត្រូវបន្តអនុវត្ត និងពង្រឹងការផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ២)-ពង្រឹងការបំពេញមុខងារការពារសន្តិសុខនៅមូលដ្ឋានរបស់ខ្លួន ៣)-បន្តពង្រឹងថែរក្សាសាមគ្គីភាពផ្ទៃក្នុង រវាងអាជ្ញាធរ និងប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ៤)-បន្តកសាងចលនា និងពង្រីកប្រជាការពារឱ្យគ្រប់ចំនួនតាមតម្រូវការរបស់ប្រជាពលរដ្ឋ ៥)-បន្តពង្រឹងការងារប៉ុស្តិ៍នគរបាលរដ្ឋបាល ក្នុងការត្រួតពិនិត្យ និងតាមដានជាប្រចាំនូវអំពើល្មើសទាំងឡាយ និងត្រូវអនុវត្តតាមប្រសាសន៍សម្តេចធិបតី ត្រូវបង្ក្រាបឱ្យអស់ក្មេងទំនើង ជាពិសេសការប្រើប្រាស់ និងជួញដូរគ្រឿងញៀនគ្រប់ប្រភេទ ៦)-ត្រូវណែនាំដល់ប្រជាពលរដ្ឋឲ្យយល់ដឹង និងគោរពច្បាប់ចរាចរណ៍ ៧)-និងត្រូវណែនាំដល់ប្រជាពលរដ្ឋឲ្យប្រយ័ត្នអំពីបច្ចេកទេសតបណ្តាញអគ្គីសនី ប្រភពភ្លើង ឬអគ្គីភ័យ និងគ្រោះមហន្តរាយធម្មជាតិ ដែលអាចបង្ករឲ្យគ្រោះថ្នាក់ជាយថាហេតុ ។
ក្នុងឱកាសនោះ ឯកឧត្តម លី ផល្លា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្នួល ប្រគេនបច្ច័យកសាងចំនួន២០មុឺនរៀល និងឯកឧត្តម គង់ គឹមនី អភិបាលរងខេត្ត និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្នួល ចូលរួមបច្ច័យកសាងចំនួន៤០មុឺនរៀល និងលោក សាម ណាល់ អភិបាលស្រុកស្នួល ៤០មុឺនរៀល ។





No comments:
Post a Comment